(សូឡូ)៖ ព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១១ នៅទីក្រុងសូឡូ ប្រទេសឥណ្ឌូនេស៊ី បានប្រារព្ធពិធីបិទការប្រកួតជាផ្លូវការហើយ នៅល្ងាចថ្ងៃទី០៦ ខែសីហានេះ បន្ទាប់ពីដំណើរការប្រកួតអស់រយៈពេល ៨ថ្ងៃកន្លងទៅ ចាប់ពីថ្ងៃទី៣០ ខែកក្កដា ដល់ថ្ងៃទី០៦ ខែសីហា ដោយក្រុមអត្តពលិកជនពិការកម្ពុជា បានសម្រេចសមិទ្ធផលជាប្រវត្តិសាស្ដ្រដណ្ដើមបានមេដាយសរុប ២៨គ្រឿង រួមមានមេដាយមាស ៧ ប្រាក់ ១០ និងសំរឹទ្ធ ១១ ។

ក្នុងពិធីបិទការប្រកួតនេះដែរ លោក ហ៊ុន ម៉ានី អនុប្រធានគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា និងជាប្រធានប្រតិភូកីឡាប៉ារ៉ាឡាំពិកកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក៏បានដឹកនាំប្រតិភូ គ្រូបង្វឹក និងអត្តពលិកជនពិការកម្ពុជា ចូលរួមអបអរសាទរពិធីបិទ ពិសេសលោកបានអញ្ជើញទទួលទង់អាស៊ានប៉ារ៉ាហ្គេម សម្រាប់ការធ្វើម្ចាស់ផ្ទះបន្ដវេណជាផ្លូវការ នាឆ្នាំ២០២៣ បន្ទាប់ពីប្រទេសឥណ្ឌូនេស៊ីផងដែរ ។

បើគ្មានការប្រែប្រួលទេនោះ លោក ហ៊ុន ម៉ានី នឹងដង្ហែទង់នេះ អមជាមួយប្រតិភូ គ្រូបង្វឹក និងអត្តពលិកជនពិការកម្ពុជា ដែលទើបបញ្ចប់បេសកកម្មក្របដោយជោគជ័យយ៉ាងត្រចេះត្រចង់ នៅទីក្រុងសូឡូ ត្រឡប់មកមាតុភូមិវិញ នារសៀលថ្ងៃទី០៧ ខែសីហាស្អែក ដែលនឹងមានការទទួលស្វាគមន៍ដ៏ខ្ពង់ខ្ពស់ពីសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ទៀតផង ។

បន្ទាប់ពីដំណើរមាតុភូមិនិវត្តន៍របស់ប្រតិភូប៉ារ៉ាឡាំពិកកម្ពុជាខាងលើ នឹងមានការរៀបចំនូវក្បួនដង្ហែអបអរសាទរម្ចាស់មេដាយជយលាភី នៃការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១១ ក៏ដូចជាការដង្ហែទង់អាស៊ានប៉ារ៉ាហ្គេម សម្រាប់រៀបចំការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ នៅកម្ពុជា តាមវិថីសំខាន់ៗមួយចំនួន ដោយផ្ដើមចេញពីអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ និងបញ្ចប់នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ៕