(សៀមរាប)៖ ទិវាប្រណាំងម៉ារ៉ាតុងអន្ដរជាតិ ចក្រភពខ្មែរ លើកទី៧ បានរៀបចំឡើងវិញហើយនាព្រឹកថ្ងៃទី០៧ ខែសីហានេះ នៅមុខប្រាសាទអង្គរវត្ត ដោយមានអ្នកចូលរួមប្រមាណ ២,១០០នាក់ មកពីជាង ៤០ប្រទេស ខណៈមន្ដ្រីជំនាញបានចាត់ទុកការចាប់ផ្ដើមឡើងវិញនេះ ប្រកបដោយសញ្ញាណវិជ្ជមាន ដើម្បីរួមចំណែកស្ដារសេដ្ឋកិច្ចជាតិផង និងវិស័យទេសចរណ៍ផង។

លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានថ្លែងមុនបាញ់កាំភ្លើងបញ្ជាចេញដំណើរវិញ្ញាសារត់ ៤២.១៩៥ម៉ែត្រ នៅព្រឹកព្រលឹមថ្ងៃអាទិត្យនេះថា ក្នុងចំណោមអ្នកចូលរួម ២,១០០នាក់ មានបរទេសមកពីក្រៅស្រុកជិត ១០០នាក់ និងបរទេសក្នុងស្រុកប្រមាណ ៣០០នាក់ ក្រៅពីនោះជាប្រជាពលរដ្ឋខ្មែរ មកពីគ្រប់រាជធានី-ខេត្ត។

លោកបន្ដថា «ក្រោមការដឹកនាំរបស់ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាប្រធាន NOCC បានជំរុញធ្វើពិពិធកម្មកីឡា ធ្វើយ៉ាងណាឲ្យព្រឹត្តិការណ៍កីឡានេះរស់ឡើងវិញ ដំណាលគ្នានឹងការស្ដារសេដ្ឋកិច្ច ក៏ដូចជាស្ដារទេសចរណ៍ឡើងវិញ ក្នុងដំណាក់កាលទើបងើបពីកូវីដ-១៩។ ដំណាក់កាលនេះ ក្រសួងទេសចរណ៍ និង NOCC បានដាក់ទិសដៅថា ឲ្យជួយកម្រើកឡើងវិញ ជួយសេដ្ឋកិច្ចឡើងវិញ តាមរយៈព្រឹត្តិការណ៍កីឡា និងទេសចរណ៍»។

«ក្នុងការរៀបចំនេះដែរ យើងឃើញសញ្ញាណល្អ ពេលដែលយើងចាប់ផ្ដើមរៀបចំឡើងវិញ ក្រោយកូវីដ-១៩ ដែលធ្វើឲ្យយើងខកខានរៀបចំ ២ឆ្នាំ យើងឃើញមានសញ្ញាណល្អ ក្នុងការចូលរួមដើម្បីថែរក្សាសុខភាព ដើម្បីជួយដល់វិស័យទេសចរណ៍ ដើម្បីធ្វើឲ្យទេសចរណ៍ក្នុងស្រុកធ្វើចលនាឡើងវិញ ព្រោះប្រសិនបើជាយើងមិនជំរុញទេសចរណ៍ក្នុងស្រុកទេ យើងពិបាកណាស់ក្នុងការលើកតម្កើនជីវភាពរស់នៅរបស់អាជីវករ ឬប្រតិបត្តិករទេសចរណ៍ទាំងអស់ អាចនឹងមានបញ្ហា»។

អគ្គលេខាធិការ CAMSOC ដដែលបន្ថែមថា ទាំងអស់នេះ ត្រូវបានថ្នាក់ដឹកនាំយកចិត្តទុកដាក់ ពិសេសក្រោយទទួលបានការអនុញ្ញាតក្រសួងទេសចរណ៍ និង NOCC រៀបចំព្រឹត្តិការណ៍កីឡាទេសចរណ៍ឲ្យបានច្រើន ហើយក្រៅពីនៅសៀមរាប ក៏មានគម្រោងរៀបចំព្រឹត្តិការណ៍ម៉ារ៉ាតុង និងប្រណាំងកង់ជាដើម នៅខេត្តព្រះសីហនុ ចាប់ពីចុងឆ្នាំ២០២២ រហូតដល់ឆ្នាំក្រោយៗទៀត ហើយក៏ដើម្បីផ្សាភ្ជាប់នូវការផ្សព្វផ្សាយ និងអបអរសាទរដំណើរឆ្ពោះទៅស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ផងដែរ៕