(ភ្នំពេញ)៖ ទីបំផុតក្រុមកំពូលតារាងព្រះខ័នរាជស្វាយរៀង បានស្គាល់បរាជ័យលើកដំបូង ក្នុងក្របខណ្ឌលីគកំពូលកម្ពុជា (CPL) ឆ្នាំ២០២២ ក្រោមថ្វីជើងក្រុមភ្ញៀវវិសាខា ក្នុងជំនួបបញ្ចប់ជុំទី២ កាលពីយប់មិញ ខណៈក្រុមគិរីវង់សុខសែនជ័យ បានស្គាល់ជ័យជម្នះលើកដំបូង លើក្រុមភ្ញៀវកងយោធពលខេមរភូមិន្ទ។

សម្រាប់គូឯកប្រចាំសប្ដាហ៍ទី១៤ នៅកីឡដ្ឋានខេត្តស្វាយរៀង ក្រុមទាំងពីរបានរក្សាលទ្ធផល ០-០ ក្នុងវគ្គទី១ ហើយបានព្យាយាមវាយសម្រុកគ្នាកាន់តែខ្លាំងនៅវគ្គទី២ រហូតដល់នាទី៨៤ ទើបកីឡាករ Paulo Victor ឆក់បានបាល់ ហើយបណ្ដើរស៊ុតបញ្ចប់ទីជួយឲ្យក្រុមវិសាខា យកឈ្នះម្ចាស់ផ្ទះព្រះខ័នរាជស្វាយរៀង ១-០ តែម្ដង។

លទ្ធផលនេះបានធ្វើឲ្យក្រុមមានមូលដ្ឋាននៅខេត្តស្វាយរៀង ស្គាល់បរាជ័យលើកដំបូងក្នុងចំណោម ១៤ប្រកួតកន្លងមក ពោលគឺឈ្នះ ១១ ស្មើ ២ និងចាញ់ ១ រកបាន ៣៥ពិន្ទុ នាំមុខក្រុមឈរលេខរៀងទី២ គឺបឹងកេត ៩ពិន្ទុ និងក្រុមវិសាខា ដែលឈរលេខរៀងទី៣ ដល់ទៅ ១០ពិន្ទុ ដ្បិតគិតត្រឹមសប្ដាហ៍ទី១៤ ដូចគ្នា វិសាខា ទើបរកបាន ២៥ពិន្ទុប៉ុណ្ណោះ។

ដោយឡែកក្រុមគិរីវង់សុខសែនជ័យ បានយកឈ្នះក្រុមកងយោធពលខេមរភូមិន្ទ ដោយលទ្ធផល ១-០ ដូចគ្នា នៅកីឡដ្ឋានគិរីវង់សុខសែនជ័យ ដែលគ្រាប់បាល់ជ័យជម្នះរបស់ក្រុមមានមូលដ្ឋាននៅខេត្តតាកែវនេះ ធ្វើបានសម្រេចដោយកីឡាករ ជុង សុខា នៅនាទី៧៧។ នេះគឺជាជ័យជម្នះលើកដំបូងរបស់គិរីវង់ ក្នុងចំណោម ១៤ប្រកួត ដោយឈ្នះ ១ ស្មើ ២ និងចាញ់ ១១ ទើបរកបាន ៥ពិន្ទុប៉ុណ្ណោះ៕