(សៅផាវឡូ)៖ ក្លិបបាល់ទាត់ប្រេស៊ីល Sao Paulo បានប្រកាសពីការចុះហត្ថលេខានាំយកខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីន Nahuel Bustos លើកិច្ចសន្យាលេងខ្ចីជើងរយៈពេល ១ឆ្នាំមកពីក្លិប Manchester City។ នេះបើយោងតាមសារព័ត៌មានស៊ិនហួ ចេញផ្សាយនាថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២២។

កីឡាករវ័យ ២៤ឆ្នាំរូបនេះបានជួបជាមួយមិត្តរួមក្រុមថ្មីរបស់លោកកាលពីថ្ងៃសុក្រ ហើយត្រូវបានគេរំពឹងថា នឹងអាចចូលរួមលេងឲ្យក្លិបម្ចាស់ពានរង្វាន់ជើងឯកលីគ Brazilian Serie A នៅសប្តាហ៍ក្រោយ។

ខ្សែប្រយុទ្ធកណ្តាល ដែលបានចូលរួមជាមួយក្លិបអង់គ្លេស Manchester City ដោយផ្លាស់មកពីក្លិប Talleres Cordoba រូបនេះ បានចំណាយពេលវេលាកាលពីរដូវកាលមុន លេងខ្ចីជើងនៅឯក្លិបអេស្ប៉ាញ Girona ដែរ។

លោកនឹងលេងជាដៃគូក្នុងទម្រង់ប្រយុទ្ធ ជាមួយកីឡាកររួមសញ្ជាតិ Jonathan Calleri ដែលជាកីឡាកររកគ្រាប់បាល់បានច្រើនជាងគេលំដាប់ទី៣ ក្នុងលីគ Serie A របស់ប្រេស៊ីល ក្នុងរដូវកាលនេះ ជាមួយនឹងការស៊ុតបញ្ចូលទី ១០គ្រាប់ ពី១៩ប្រកួត។

សូមជម្រាបថា Sao Paulo កំពុងស្ថិតនៅលំដាប់ទី១០ ក្នុងចំណោម ២០ក្រុមនៃលីគ Serie A ដោយឈ្នះតែ៥ប្រកួតប៉ុណ្ណោះពី ២០ប្រកួត៕