(មេនឆេស្ទឺ)៖ ក្លិបបាល់ទាត់ផ្នែកនារី Manchester United បានបន្ថែមសមាជិកថ្មីចូលទៅក្នុងក្រុមឈ្នះ Euro 22 របស់ពួកគេ តាមរយៈការចុះកិច្ចសន្យា នាំយកខ្សែប្រយុទ្ធលំដាប់អន្តរជាតិ សញ្ជាតិអង់គ្លេស Nikita Parris មកពីក្លិបគូប្រជែង Arsenal ដែលលេងនៅលីគ Women's Super League។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២២។

កីឡាការិនីវ័យ ២៨ឆ្នាំរូបនេះបានចុះហត្ថលេខាលើកិច្ចសន្យាលេងរហូតបញ្ចប់រដូវកាលឆ្នាំ២០២៣-២៤។ នេះបើតាមក្លិប United បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយនាថ្ងៃសៅរ៍។

Parris ដែលបានជាប់លេង ៦៧លើក សម្រាប់ក្រុមជម្រើសជាតិតោកំណាចអង់គ្លេសរូបនេះ បានបង្ហាញខ្លួន ២លើកសម្រាប់ក្រុមដែលដឹកនាំដោយអ្នកស្រី Sarina Wiegman នៅអំឡុងភាពជោគជ័យនៃយុទ្ធនាការ European Championship ឆ្នាំ២០២២ ក្នុងទឹកដីរបស់ខ្លួន។

Parris បានក្លាយជាកីឡាការិនីទី៦ ហើយ ដែលបានចុះកិច្ចសន្យាជាមួយ United ក្នុងរដូវក្តៅនេះ ខណៈក្លិបកំពុងសំឡឹងរកការអភិវឌ្ឍរបស់ខ្លួន ទៅលើការបញ្ចប់ក្នុងចំណាត់ថ្នាក់ទី៤ កាលពីរដូវកាលមុននៅឯលីគ WSL៕