(ភ្នំពេញ)៖ គ្រឹះស្ថានសិក្សារបស់ អ្នកឧកញ៉ា គួច ម៉េងលី រួមមានមជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាខេត្តតាកែវ នៅថ្ងៃទី០៧ សីហានេះ បានរៀបចំព្រឹត្តិការណ៍ «រត់ដើម្បីសប្បុរសធម៌» ក្នុងបុព្វហេតុកៀរគរថវិកាចូលរួមសកម្មភាពសប្បុរសធម៌ នៅក្នុងខេត្តតាកែវ។

លោក រឿង សុភាព អនុប្រធាន នៃសាលារៀន អន្តរទ្វីប អាមេរិកាំង បានថ្លែងថា សកម្មភាពនេះ គឺផ្តល់ឱកាស ដ៏មានអត្ថន័យបំផុត សម្រាប់អ្នកចូលរួមទាំងអស់ ពីព្រោះ ពួកគេបានរួមចំណែក គាំទ្រដល់សកម្មភាពសប្បុរសធម៌ក្នុងខេត្តតាកែវ ហើយទន្ទឹមនឹងនេះដែរ អ្នកចូលរួមក៏នឹង ទទួលបាននូវបទពិសោធន៍ ដ៏រីករាយ និង អនុស្សាវរីយ៍ ដែលមិនអាចបំភ្លេចបាន ជាមួយក្រុមគ្រួសារ និង មិត្តភក្តិ ជាទីស្រឡាញ់។

លោកបញ្ជាក់ថា ចំពោះ កម្មវិធីរត់ប្រណាំងនេះ សម្រាប់គោលដៅរត់ប្រណាំង ត្រូវចេញដំណើរនៅពីមុខអគារមជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាខេត្តតាកែវ តាមផ្លូវជាតិលេខ២ រួចបត់ស្តាំតាមផ្លូវលេខ៣១ បន្តទៅផ្លូវក្រវាត់ក្រុង ហើយបត់ឆ្វេងទៅតាមផ្លូវជាតិលេ ខ២វិញ ដោយឆ្លងកាត់វិមានឯករាជ្យ ក្រុងដូនកែវ ហើយត្រូវបញ្ចប់ទីនៅពីមុខអគារមជ្ឈ មណ្ឌល ភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាខេត្តតាកែវ ដែលមានរយៈចម្ងាយ ៣ .៩គីឡូម៉ែត្រ។ ក្នុងនោះ អ្នកចូលរួម ត្រូវចំណាយថវិកាក្នុងការចុះឈ្មោះចូលរួម ខណៈប្រជាពលរដ្ឋរស់នៅខេត្តតាកែវ មិនតម្រូវឱ្យបង់ថវិកានោះទេ។

លោក រឿង សុភាព បានឱ្យដឹងថា «ការចំណាយថវិកាក្នុងសកម្មភាពនេះ គឺជាការចូលរួមចំណែកជួយដល់អ្នកខ្វះខាតតាមទីជនបទ ក៏ដូចជាទិញសម្ភារសិក្សាជូនកុមារខ្វះខាតផងដែរ ព្រោះថវិកាដែលប្រមូលបានយើងនឹងប្រគល់ជូនមូលនិធិ ម៉េងលី ជេ. គួច ដើម្បីចូលរួមចំណែកក្នុងការងារសង្គម និងស ប្បុរសធម៌ ជាពិសេសដើម្បីសុខភាពយើងទាំងអស់គ្នា»

លោកបានបន្ថែមថា ជ័យលាភី នៃ ការរត់ ប្រណាំងចំណាត់ថ្នាក់លេខ១ ទទួលបានមេដាយមាស ១គ្រឿង និងវត្ថុអនុស្សាវរីយ៍។ ដោយឡែក ចំណាត់ថ្នាក់លេខ២ មេដាយប្រាក់ ១គ្រឿង និងវត្ថុអនុស្សាវរីយ៍ និងចំណាត់ថ្នាក់លេខ៣ មេដាយសំរឹទ្ធិ ១គ្រឿង និងវត្ថុអនុស្សាវរីយ៍ជាច្រើនទៀត។

លោកអនុប្រធានសាលាសង្កត់ធ្ងន់ថា ព្រឹត្តិការណ៍នេះមានគោលបំណងលើកកម្ពស់សុខភាពផ្តល់ភាពសប្បាយរីករាយដល់អ្នកចូលរួម ហើយអ្វីដែលកាន់តែពិសេសទៀតនោះ គឺដើម្បី បុព្វហេតុសប្បុរសធម៌ ហើយក៏សូមអរគុណដល់អាជ្ញាធរដែនដីដែលបានគាំទ្រ និងសហការក្នុងការរៀបចំកម្មវិធីឱ្យដំណើរការទៅបានយ៉ាងរលូនផងដែរ។

គួរបញ្ជាក់ថា កម្មវិធីសប្បុរសធម៌ ត្រូវបានបង្កើតឡើងដើម្បីចូលរួមចំណែកក្នុងការជំរុញលើកកម្ពស់វប្បធម៌ចែករំលែកក្នុងសង្គម ក៏ដូចជាផ្សារភ្ជាប់ការសិក្សារបស់សិស្សានុសិស្សទៅនឹងសហគមន៍។ រាល់ពេល មានការរៀបចំកម្មវិធី សាលារៀន អន្ដរទ្វីប អាមេរិកាំង តែងតែរៀបចំឱ្យសិស្សានុសិស្សមានសកម្មភាពស្ម័គ្រចិត្ដរួមគ្នាស្វែងរកនូវជំនួយសប្បុរសធម៌ ការកៀរគរនូវថវិកាសប្បុរសធម៌ពីសប្បុរសជននានាតាមរយៈការដាក់លក់នូវវត្ថុអនុស្សាវរីយ៍ និងនំចំណីផ្សេងៗ និងស្វាគមន៍ទទួលនូវជំនួយសម្ភារសប្បុរសធម៌ ដើម្បីយកទៅចែកជូនដល់កុ មារកំព្រា ជនទុរគត ជនពិការ ជនក្រីក្រ ចាស់ជរា ទីវត្ដអារាម និងសាលារៀន ដែលមានភាពខ្វះខាតនៅតាមទីជនបទឆ្ងាយៗ ក្នុងគោលបំណងជួយសម្រាលទុក្ខលំបាករបស់ប្រជាពលរដ្ឋ និងការរួមចំណែកវប្បធម៌ចែករំលែកជាមួយរាជរដ្ឋាភិបាល៕