(ភ្នំពេញ)៖ គម្រោងដីឡូតិ៍ និងខុនដូ ដែលមានតម្លៃទាបបំផុតមិនធ្លាប់មាន សក្តិសមសម្រាប់ប្រជាពលរដ្ឋ ដែលមានជីវភាពមធ្យមក៏អាចទិញរស់នៅ និងយកធ្វើជាកម្មសិទ្ធិ ផ្ទាល់ខ្លួនបាននោះ បានចាប់ផ្តើមបើកលក់ហើយនាព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២២នេះ គឺគម្រោង ខុនដូ និងដីឡូតិ៍ របស់ក្រុមហ៊ុន ជា សារ៉ន គ្រុប ដែលមានទីតាំង ស្ថិតនៅភូមិត្មាតពង សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ។

លោកឧកញ៉ា ជា សារ៉ន ស្ថាបនិក និងជាអគ្គនាយកក្រុមហ៊ុន ជា សារ៉ន គ្រុប បានឱ្យដឹងថា គម្រោង ខុនដូ និងដីឡូតិ៍នេះ បាននឹងកំពុងទទួលបានការគាំទ្រ ជាច្រើនពីអតិថិជន ដោយហេតុថាគម្រោងនេះជាគម្រោងមានតម្លៃទាបបំផុតមិនធ្លាប់មានពីមុនមក ពោលគឺជា ខុនដូ ដែលមានតម្លៃសមរម្យ ដែលអាចឱ្យប្រជាពលរដ្ឋ មានជីវភាពមធ្យម ក៏ទិញយកធ្វើជាកម្មសិទ្ធិរស់នៅបាន ដោយអ្នកធ្វើដំណើរអាចចូលតាមក្លោងទ្វាវត្តស្ងួនពេជ្រ ជាទីតាំងដែលមានសក្តានុពល នៅក្បែរតំបន់សេដ្ឋកិច្ច ពិសេស និងបុរីពិភពថ្មី ជាប់ជាមួយផ្លូវរដ្ឋជាតំបន់មានការអភិវឌ្ឍន៍ឥតឈប់ឈរ។

លោកឧកញ៉ា ជា សារ៉ន បានឱ្យដឹងទៀតថា គម្រោង ខុនដូ របស់ក្រុមហ៊ុន ជា សារ៉ន គឺខុសពីខុនដូ ក្រុមហ៊ុនផ្សេងៗ ដោយសារក្រុមហ៊ុនបានផ្តោតសំខាន់ ចំពោះអតិថិជនជាពលរដ្ឋខ្មែរ ដែលមានជីវភាពមធ្យម មិនមានលទ្ធភាពអាចទិញខុនដូបាន។ សម្រាប់លោកឧកញ៉ា មើលឃើញថា បច្ចុប្បន្ននៅកម្ពុជា គម្រោងខុនដូ ជាច្រើន មានតម្លៃរាប់ម៉ឺនដុល្លារ សម្រាប់លក់ជូនអ្នកមាន និងជនបរទេស តែខុនដូសម្រាប់លក់ជូនដល់កម្មករ-កម្មការិនីរោងចក្រ ឬពលរដ្ឋមានជីវភាពមធ្យម មិនទាន់មាននោះទេ។

បើតាមលោកឧកញ៉ា ជា សារ៉ន ដើម្បីចូលរួមជួយអភិវឌ្ឍប្រទេសកម្ពុជាជាមួយរាជរដ្ឋាភិបាល ក្រុមហ៊ុន ជា សារ៉ន គ្រុប បានសម្រេចបង្កើតគម្រោងនេះឡើងដោយ ចំណាយថវិកាប្រមាណជា ៥០លានដុល្លារ សាងសង់ខុនដូនេះឡើងលក់ជូនដល់ កម្មករ-កម្មការិនីរោងចក្រ អ្នកចំណាកស្រុកមករស់នៅក្នុងទីក្រុងភ្នំពេញ ដែលគ្មានទីលំនៅ ជាពិសេសពលរដ្ឋមានជីវភាពមធ្យមក្នុងតម្លៃ ១៥,០០០ដុល្លារ ជាមួយអត្រាការប្រាក់ទាប អាចបង់រំលោះរយៈពេលយូរបាន។

សូមបញ្ជាក់ដែរថា គម្រោង ខុនដូ ជា សារ៉ន សាងសង់លើផ្ទៃដី ៣ម៉ឺន ៤ពាន់ម៉ែត្រការ៉េ មានចំនួន១២អាគារ ចែកចេញជា ៦ ០០០បន្ទប់ ក្នុងទុនវិនិយោគចំនួន ៥០ លានដុល្លារ។ សាងសង់ក្នុងតំបន់ប្រមូលផ្តុំទៅដោយរោងចក្រ និងមានកម្មករស់នៅរាប់ម៉ឺននាក់។ អតិថិជនមានលុយត្រឹមតែ ២ពាន់ដុល្លារ នឹងអាចក្លាយជាម្ចាស់ ខុនដូ ភ្លាមៗ និងអាចបង់រំលោះបានរយៈពេលច្រើនឆ្នាំផងដែរ៕