(ភ្នំពេញ)៖ នៅក្នុងដំណើរការរឿងក្ដីមួយចំនួន សាក្សី គឺជាតួអង្គយ៉ាងសំខាន់ មិនថារឿងក្ដីនោះជារឿងក្ដីរដ្ឋប្បវេណី ឬក៏ជារឿងក្ដីព្រហ្មទណ្ឌនោះទេ ដោយសារតែសាក្សីគឺជាបុគ្គលដែលបានដឹងឮ និងមើលឃើញអំពីសកម្មភាព ឬព្រឹត្តិការណ៍ដែលបានកើតឡើងនៅក្នុងអង្គហេតុនៃរឿងក្ដី ហើយសាក្សីអាចផ្ដល់ជាចម្លើយក្នុងការជួយបញ្ជាក់បំភ្លឺ អំពីអង្គហេតុ ដែលខ្លួនបានឃើញ បានឮ ឬ បានដឹងផ្ទាល់ ទាក់ទងនឹងព្រឹត្តិការណ៍នោះ ទៅកាន់សមត្ថកិច្ច ចៅក្រម ឬ អង្គ សវនាការ ក្នុងការ ស្វែងរកឱ្យឃើញនូវការពិត ដើម្បីបញ្ជាក់ពីភាព យុត្តិធម៌ ។

ហេតុដូចនេះហើយបានជា សាក្សី ត្រូវទទួលបានការការពារពីច្បាប់ ដោយមិនឱ្យបុគ្គលណាម្នាក់មកធ្វើសកម្មភាពបំពារបំពាន ដោយធ្វើការសម្លុតសាក្សី មិនឱ្យផ្ដល់នូវចម្លើយពិតទៅ កាន់សមត្ថកិច្ច ចៅក្រម ឬ អង្គសវនាការ នោះទេ។

តើបុគ្គលដែលបានប្រព្រឹត្តសកម្មភាពសម្លុតទៅកាន់សាក្សី ដោយឱ្យសាក្សីនិយាយ ភូតភរ កុហក លាក់បំបាំងការពិត ត្រូវទទួលរងនូវការដាក់ទោសទណ្ឌពីច្បាប់យ៉ាងដូចម្ដេច ?

កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពសារព័ត៌មាន Fresh News សហការជាមួយ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សប្ដាហ៍នេះ សូមលើកយកប្រធានបទស្ដីពី «បទសម្លុតសាក្សី» មកធ្វើការបកស្រាយជូនបងប្អូនប្រជាពលរដ្ឋ សិស្ស និស្សិតដូចខាងក្រោម។

សញ្ញាណនៃបទល្មើសសម្លុតសាក្សី ត្រូវបានកំណត់នៅក្នុងមាត្រា៥៤៦ នៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា បានចែងថា៖

* គ្រប់អំពើសម្លុត ដែលប្រព្រឹត្តដោយចារីតែម្នាក់ឯង ឬ ដោយមានការព្រមព្រៀងជាមួយតតិយជន ដើម្បីញ៉ាំងឱ្យសាក្សីកុំឆ្លើយ ឬ ឱ្យផ្តល់ដោយផ្ទាល់មាត់ ឬ ដោយលាយលក្ខណ៍អក្សរនូវសក្ខីកម្មភូតកុហក ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ២ (ពីរ) ឆ្នាំ ទៅ ៥ (ប្រាំ) ឆ្នាំ និងពិន័យប្រាក់ពី ៤.០០០.០០០ (បួនលាន) រៀល ទៅ ១០.០០០.០០០ (ដប់លាន) រៀល ។

* ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៥ (ប្រាំ) ឆ្នាំ ទៅ ១០ (ដប់) ឆ្នាំ ប្រសិនបើបទល្មើសនេះ សម្ដែងចេញជាលទ្ធផល ។

ឧទាហរណ៍៖ លោក “ក” បានប្រើអំពើហិង្សាដោយយកដំបងវាយទៅលើអ្នកបម្រើស្រីដែលបានធ្វើឱ្យថូផ្កាបុរាណរបស់គាត់ធ្លាក់បែក បន្ទាប់មកនាងក៏បានស្រែកឱ្យគេជួយ ដោយលឺសម្លេងស្រែកហៅឱ្យជួយបែបនេះ លោក “ខ” ដែលជាអ្នកបើកបររថយន្តឱ្យលោក “ក” បានរត់ទៅជួយ ក៏ស្រាប់តែឃើញ លោក “ក” កំពុងប្រើអំពើហិង្សាទៅលើអ្នកបម្រើស្រីនោះ ។ ឃើញដូច្នេះ លោក “ក” បានហៅ លោក “ខ” មកជួបតែពីរនាក់ ដោយបានសម្លុត គម្រាមលោក “ខ” ថា បើមិនចង់អត់ការងារធ្វើទេ ហើយនាំរឿងដាក់ខ្លួនទៀតនោះ ត្រូវធ្វើជាមើលមិនឃើញ ហើយបើគេសួរត្រូវឆ្លើយថាមិនដឹងរឿងអ្វីទាំងអស់ ។

ក្នុងករណីនេះ ប្រសិនបើអ្នកបម្រើស្រី ធ្វើការដាក់ពាក្យបណ្ដឹង ដើម្បីប្ដឹងលោក “ក” ដែលបានប្រព្រឹត្តបទល្មើសដោយប្រើអំពើហិង្សាមកលើខ្លួននោះ ហើយសមត្ថកិច្ចបានកោះហៅ លោក “ខ” ដែលជាសាក្សីនៅក្នុងផ្ទះនោះមកធ្វើការសួរនាំ និងឆ្លើយបំភ្លឺនូវការពិត ក៏ប៉ុន្តែដោយសារលោក “ខ” ដែលជាសាក្សី ត្រូវបានលោក “ក” ធ្វើការសម្លុត ទើបលោក “ខ” មានការភ័យខ្លាច ក៏បានឆ្លើយថា ខ្លួនមិនបានមើលឃើញ និងដឹងរឿងអ្វីទាំងអស់ នៅក្នុងហេតុការណ៍នោះទេ ។

ក្នុងករណីខាងលើនេះ គឺ ស្ដែងឱ្យឃើញថា លោក “ក” បានប្រព្រឹត្តបទល្មើសបន្ថែមមួយទៀត គឺ បទសម្លុតសាក្សី ដោយសារតែលោក “ក” បានសម្លុតសាក្សី ដោយមិនឱ្យផ្ដល់នូវចម្លើយដែលជាការពិតទៅកាន់សមត្ថកិច្ច ដើម្បីស្វែងរកនូវភាព យុត្តិធម៌ជូនជនរងគ្រោះ ។

សរុបមក បទសម្លុតសាក្សីត្រូវបានក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា កំណត់ការផ្តន្ទាទោសយ៉ាងតឹងរឹង និងប្រឆាំងទៅនឹងបុគ្គលណាម្នាក់ដែលបានធ្វើសកម្មភាពបំពាន ដោយធ្វើការសម្លុតសាក្សី មិនឱ្យផ្ដល់នូវចម្លើយពិតទៅ កាន់សមត្ថកិច្ច ចៅក្រម ឬ អង្គសវនាការ ក្នុងការស្វែងរកការពិត និងរកឱ្យឃើញនូវភាពយុត្តិធម៌ ៕

រៀបរៀងដោយ៖ លោកមេធាវី ម៉េង វណ្ណី និងលោក រៀម គីមឡេង ជាជំនួយការមេធាវី និងជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារលេខ ៤៥៣៥ ផ្លូវលេខ ១០០៣ ភូមិឧកញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥ អ៉ីម៉ែល៖[email protected] គេហទំព័រ៖ www.ciclg.com, ហ្វេសប៊ុកផេក៖ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ / Cambodia International Cooperation Law Group.