(បរទេស)៖ លោកអ្នកប្រហែលជាបានដឹងអំពីវត្តមានរបស់លោកស្រី Nancy Pelosi ប្រធានសភាតំណាងរាស្រ្តសហរដ្ឋអាមេរិក និងដំណើរទស្សនកិច្ចរបស់គាត់ទៅកាន់កោះតៃវ៉ាន់ ហើយដំណើរទស្សនកិច្ចរបស់មន្ត្រីជាន់ខ្ពស់អាមេរិកមួយនេះ មិនត្រឹមតែ បង្កឱ្យមានភាពតានតឹងរវាងកោះតៃវ៉ាន់ និងចិនកាន់តែខ្លាំងប៉ុណ្ណោះទេ សូម្បីតែអាជីវកម្ម ឬជំនួញមួយចំនួនក៏ត្រូវបាន ផ្អាកប្រតិបត្តិការជាបណ្ដោះអាសន្នផងដែរ។
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSM Arena នៅថ្ងៃទី០ ៨ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា ក្រុមហ៊ុន Apple ប្រហែល ជាត្រូវលើកពេលប្រកាសបង្ហាញវត្តមាន iPhone ជំនាន់ថ្មីដែលត្រូវបានគេរំពឹងថា ជា iPhone 14 ដោយសារភាពតានតឹង រវាងចិន និងតៃវ៉ាន់ ដែលបង្កឡើងដោយសហរដ្ឋអាមេរិក។
ដូចដែលប្រិយមិត្តភាគច្រើនបានដឹងហើយថា TSMC (ក្រុមហ៊ុនតៃវ៉ាន់) គឺជាដៃគូផ្គត់ផ្គង់ដ៏ធំបំផុតរបស់ Apple ហើយក៏ជាក្រុមហ៊ុនដឹកជញ្ជូនបន្ទះឈីបទៅកាន់ ក្រុមហ៊ុន Pegatron នៅក្នុងប្រទេសចិន ដែលជាកន្លែងដំឡើង iPhone ។
ដំណើរ ទស្សនកិច្ចរបស់ លោកស្រី Pelosi ទៅកាន់កោះតៃវ៉ាន់ បានធ្វើឱ្យមានភាពតានតឹង កាន់តែខ្លាំងលើទំនាក់ទំនងរវាងចិន និងតៃវ៉ាន់។ ក្រុមហ៊ុនអាមេរិក ចិន និងតៃវ៉ាន់ទាំងបីនេះ បានបង្កើតបទប្បញ្ញត្តិថ្មីដែលហាមឃាត់ការនិយាយអំពី «តៃវ៉ាន់» ឬ «សាធារណរដ្ឋចិន» នៅក្នុងឯកសារដឹកជញ្ជូន ប៉ុន្តែបើតាមប្រភពច្បាស់ការបានឱ្យដឹង គ្រឿងបង្គុំមួយចំនួនត្រូវបានដឹកជញ្ជូនទៅកាន់កោះតៃវ៉ាន់វិញ ហើយពន្យារពេលការផលិត iPhone 14។
ដំណើរទស្សនកិច្ចរបស់លោកស្រី Pelosi ត្រូវបានគេមើលឃើញ និងដឹងច្បាស់ថា សង្គ្រាមពាណិជ្ជកម្មរវាងកោះតៃវ៉ាន់ និងចិន បានចាប់ផ្ដើមផ្ទុះឡើងកាន់តែខ្លាំង ហើយ Apple ដែលជាអ្នកនៅកណ្ដាលក៏ទទួលរងផលប៉ះពាល់ខ្លាំងផងដែរ ប៉ុន្តែទាំងនេះគឺមិនអាច បន្ទោសចិន និងតៃវ៉ាន់បានទេ ព្រោះអាមេរិកក៏មានចំណែកក្នុងរឿងនេះផងដែរ។
លោក Ming-Chi Kuo អ្នកវិភាគដ៏ល្បីបានលើកឡើងថា iPhone 14 ទំនងជាត្រូវពន្យារពេល ហើយនឹងត្រូវប្រគល់ទៅឱ្យរោចក្រ Foxconn នៅឥណ្ឌាជាអ្នកផលិត និងផ្គត់ផ្គង់ជំនួសវិញ ស្របពេលដែលក្រុមហ៊ុន Apple បាននិងកំពុងចរចាជាមួយដៃគូទាំងពីរគឺ TSMC និង Pegatron ក្នុងការស្វែងរកដំណោះស្រាយរួមមួយ៕