(សៀមរាប)៖ អាជ្ញាធរជាតិអប្សរាបានសម្រេចដកហូតដើមឈើ និងកាត់មែកឈើដែលមានហានិភ័យខ្ពស់នៅតាមបរិវេណប្រាសាទ និងទីតាំងសំខាន់ៗទៀតក្នុងរមណីយដ្ឋានអង្គរ ចាប់ពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០២២ រហូតដល់ចប់ភារកិច្ច។

ទីតាំងទាំង៨នោះ រួមមាន៖

១. កាត់ដកហូតដើមចំបក់១ដើម ដែលមានហានិភ័យស្ថិតនៅភូមិក្រវាន់ សង្កាត់នគរធំ ក្រុងសៀមរាប ខេត្តសៀមរាប។

២. កាត់ដកហូតដើមឈើទាលចំនួន២ដើម ដែលមានហានិភ័យស្ថិតនៅភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប។

៣. កាត់ដកហូតដើមអង្កោល១ដើម និងកាត់ក្រី៤៨ដើម រួមមាន ស្រឡៅ៥ដើម ឈើទាល១៨ដើម ចាមរី១០ដើម អង្កោល៤ដើម ស្នាយ៤ដើម ពង្រ៣ដើម ស្នួល១ដើម ចំបក់២ដើម និងខ្ចាស់១ដើម) ដែលមានហានិភ័យស្ថិតនៅបរិវេណចំណតប្រាសាទបាខែង។

៤. ដកហូតដើមស្រឡៅ២ដើម និងកាត់ក្រី៤៥ដើម រួមមាន ឈើទាល៣៥ដើម សង្កែ២ដើម រាំងភ្នំ១ដើម ចាមរី១ដើម ស្រឡៅ៥ដើម ពង្រ១ដើម ស្ថិតនៅបរិវេណខាងលិចប្រាសាទបាយ័ន (ព្រះអង្គគោកធ្លក)។

៥. ដកហូតដើមឈើ៥ដើម រួមមាន ឈើទាល៤ដើម អំពិល១ដើម និងកាត់ក្រីចំនួន៥ដើម រួមមាន ចំបក់១ដើម សិរមាន់១ដើម កន្ត្រក១ដើម ស្នាយ២ដើម ដែលមានហានិភ័យស្ថិតនៅបរិវេណប្រាសាទព្រះខ័ន និងចំណតច្រកចូលខាងលិច។

៦. កាត់ដកហូតដើមឈើទាលចំនួន៣ដើម ដែលមានហានិភ័យស្ថិតនៅភូមិនគរក្រៅ សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប។

៧. កាត់ដកហូត២ដើម រួមមាន ពង្រ១ដើម ឈើទាល១ដើម និងកាត់ក្រី១៣ដើម រួមមាន ព្រីង២ដើម ឈើទាល១ដើម ស្រឡៅ៥ដើម បេង២ដើម និងចំបក់៣ដើម ដែលមានហានិភ័យស្ថិតនៅបរិវេណប្រាសាទតាព្រហ្ម។

៨. កាត់ដកហូតដើមឈើ៧ដើម មានឈើទាល៣ដើម សំរោង៤ដើម ដែលមានហានិភ័យស្ថិតវិទ្យាល័យស្រីវិបុលកេរ ភូមិត្រាច ឃុំបល្ល័ង្ក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

អាជ្ញាធរជាតិអប្សរាបានបញ្ជាក់ថា ការដកហូតនិងកាត់មែកឈើនេះ គឺដើម្បីធានាដល់សុវត្ថិភាពភ្ញៀវទេសចរ សាធារណជន ក៏ដូចជាដើម្បីលើកកម្ពស់សោភ័ណភាពនៅតាមដងផ្លូវ និងតាមបរិវេណប្រាសាទ ក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដែលគ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា៕