(បរទេស)៖ បន្ទាប់ពីដំណើរការអស់រយៈពេលប្រមាណ ៣ឆ្នាំកន្លងមកនេះក្រុមហ៊ុន Meta បានប្រកាសបង្ហាញឱ្យដឹងថា ខ្លួនកំពុងបញ្ចប់អនាគតកាសសប្បនិម្មិត VR Quest 1 ខណៈដែលកាស VR Quest 2 ជំនាន់ថ្មីកំពុងតែត្រូវបានឡើងថ្លៃ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន The Verge នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២២។

យោងតាមខ្លឹមសារដែលបានចេញផ្សាយដោយ BigBox VR ដែលជា Developer គ្រប់គ្រងផ្នែកហ្គេមរបស់ Meta បានបង្ហាញថា VR Quest 1 នឹងមិនអាចបើកដំណើរការ ឬលេងហ្គេមបានទៀតទេចាប់ពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២នេះតទៅ។ មានន័យថាបទពិសោធន៍លេងហ្គេមរបស់ Quest 1 នឹងត្រូវបាន Meta លុបចោល តែយ៉ាងណាវានៅមានជម្រើសមួយទៀតសម្រាប់អ្នកប្រើប្រាស់ ប្រសិនបើពួកគេបានតំឡើងនៅលើកុំព្យូរទ័រ VR រួចរាល់នោះ ពួកគេនៅតែអាចលេងបានតាមរយៈបច្ចេកទេសដែលមានស្រាប់។

មួយវិញទៀតកំណែ Quest 1 នេះនៅតែគាំទ្រជាមួយនឹងការចែកចាយឌីជីថលនៅលើកុំព្យូទ័រតាមរយៈ Air Link និង Oculus Link ដែលមានស្រាប់ ដូច្នេះវានឹងអនុញ្ញាតឱ្យអ្នកប្រើប្រាស់នៅតែអាចភ្ជាប់កាសរបស់ពួកគេទៅកុំព្យូទ័របាន។ ហើយលើសពីនេះទៅទៀតអ្នកប្រើប្រាស់ Quest 2 ជំនាន់ថ្មី Oculus Rift, និង Oculus Rift S ក៏អាចចូលលេងបានផងដែរ។

យ៉ាងណាមិញបើតាមការបញ្ជាក់ពីប្រភពបានឱ្យដឹងថា សម្រាប់អតិថិជនដែលបានទិញហ្គេមពី Quest Store ក្នុងរយៈពេល ៦ខែមុនសម្រាប់កាស Quest 1 ខាងក្រុមហ៊ុន Meta នឹងសងប្រាក់ត្រឡប់មកវិញ ដោយមិនបានបញ្ជាក់ពីហេតុផលច្បាស់លាស់។ ខណៈការបញ្ចប់អនាគតមួយនេះហាក់ដូចអយុត្តិធម៌សម្រាប់ហ្គេមដែលបានចាប់ផ្តើមនៅលើ Quest 1 ជិតពីរឆ្នាំមុន ហើយទំនងជាទុកអ្នកលេងមួយចំនួនជាមួយនឹងហ្គេមដែលពួកគេមិនអាចលេងបាន៕