(បរទេស)៖ Telegram ត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការនៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៣ ជាកម្មវិធីផ្ញើសារជជែកកម្សាន្តដោយឥតគិតថ្លៃ សេរី និងសុវត្ថិភាព។ កម្មវិធីមួយនេះដំបូងឡើងដាក់ឱ្យប្រើប្រាស់តែនៅលើប្រព័ន្ធដំណើរការ iOS ប៉ុណ្ណោះ ប៉ុន្តែមួយឆ្នាំក្រោយមកទើបមាននៅលើប្រព័ន្ធដំណើរការ Android ។
នៅឆ្នាំដំបូងនៃការដាក់ឱ្យប្រើប្រាស់ កម្មវិធីមួយនេះទទួលបានអ្នកប្រើប្រាស់ប្រចាំថ្ងៃត្រឹមតែ ១០០,០០០នាក់ប៉ុណ្ណោះ ប៉ុន្តែបច្ចុប្បន្ននេះចំនួនអ្នកប្រើប្រាស់ប្រចាំខែវិញបានកើនឡើងរហូតដល់ជាង ៧០០លាននាក់ និងបានចាប់ចំណាត់ស្ថិតនៅក្នុងតារាងកំពូលទាំង១០ នៃកម្មវិធីដែលមានការទាញយកច្រើនជាងគេបំផុត។
ខាងក្រោមនេះគឺជាចំណុចសំខាន់ៗទាំង៥ ដែលលោកអ្នកប្រហែលជាមិនទាន់បានដឹងទាក់ទងនឹង Telegram នាពេលបច្ចុប្បន្ន៖
១) គិតត្រឹមខែកក្កដា ចំនួនអ្នកប្រើប្រាស់កម្មវិធី Telegram ប្រចាំខែបានកើនឡើងរហូតដល់ជាង ៧០០លាននាក់។ តាមការបញ្ជាក់ពីសំណាក់លោក Pavel Durov ស្ថាបនិក Telegram បានឱ្យដឹងថា មានមនុស្សប្រមាណ ២៥លាននាក់បានចូលរួមប្រើប្រាស់កម្មវិធីមួយនេះ ត្រឹមរយៈពេល ៧២ម៉ោងកាលពីខែមករា ឆ្នាំ២០២១។ បើសិនគិតជាមធ្យមវិញ កម្មវិធី Telegram បានកើនឡើងនូវអ្នកប្រើប្រាស់ប្រមាណ ៤០ភាគរយជារៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ ២០១៣មក។
២) ស្ថិតនៅក្នុងតារាងនៃកម្មវិធីដែលមានអ្នកទាញយកច្រើនជាងគេបំផុត។ កាលពីចុងឆ្នាំ២០២១ កម្មវិធី Telegram បានចាប់ចំណាត់ថ្នាក់លេខរៀងទី៧ នៃកម្មវិធីដែលមានការទាញយកច្រើនជាងគេបំផុតទាំងនៅលើ iOS និង Android ខណៈដែលគិតត្រឹមរយៈពេល ៦ខែនៃឆ្នាំ២០២១ មានការទាញយកកម្មវិធី Telegram សរុបចំនួន ២១៤,៧លានដង។
យោងតាមរបាយការណ៍របស់ Sensor Tower បានបញ្ជាក់ឱ្យដឹងថា កម្មវិធី Telegram បានជាប់ចំណាត់ថ្នាក់ជាកម្មវិធីដែលមានការទាញយកច្រើនជាងបំផុតទាំងនៅលើ App Store និង Play Store ចាប់តាំងពីខែមករា ឆ្នាំ២០២១មក។
គិតត្រឹមខែមិថុនា ឆ្នាំ២០២២ កម្មវិធី Telegram មានការទាញយកសរុបរហូតដល់ ១ពាន់លានដង ដែលជាចំនួនមួយដ៏ច្រើនសន្ធឹកបើធៀបជាមួយនឹងកម្មវិធីផ្សេងៗ។
៣) កម្មវិធី Telegram ត្រូវបានគេស្គាល់យ៉ាងច្បាស់ថា បានបង្កើតឡើងដោយបងប្អូនជនជាតិរុស្ស៊ីគឺលោក Nikolai និង Pavel Durov ប៉ុន្តែសម្រាប់ទីស្នាក់ការ ឬទីតាំងការិយាល័យកណ្ដាលរបស់កម្មវិធីមួយនេះវិញ ត្រូវបានដឹងថាមិនស្ថិតនៅក្នុងប្រទេសរុស្ស៊ីឡើយ។ អាស័យដ្ឋានស្របច្បាប់របស់ក្រុមហ៊ុនមេរបស់ Telegram (Telegram Group Inc.) មានទីតាំងនៅ British Virgin Islands ជាទឹកដីកោះមួយរបស់ចក្រភពអង់គ្លេស ចំណែកក្រុមការងារអភិវឌ្ឍន៍របស់ Telegram គឺស្ថិតនៅក្នុងទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម ដោយមានឈ្មោះជាផ្លូវការនៅទីនោះថា Telegram FZ-LLC ខណៈអ្នកតំណាងស្របច្បាប់សម្រាប់ច្បាប់ការពារទិន្នន័យរបស់ Telegram គឺជាក្រុមហ៊ុនមួយមានឈ្មោះថា Telegram UK Holdings Ltd ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស។
៤) បើតាមទិន្នន័ស្រាវជ្រាវរបស់ Hootsuite បានបង្ហាញឱ្យដឹងថា កម្មវិធី Telegram មានអ្នកប្រើប្រាស់ជាស្ត្រីប្រមាណជា ៤០ភាគរយ និងបុរសប្រមាណ ៦០ភាគរយ។
៥) ប្រទេសដែលចាប់ចំណាត់លេខ១ ដែលមានអ្នកប្រើប្រាស់កម្មវិធី Telegram ច្រើនជាងគេគឺប្រទេសប្រេស៊ីល, អាល្លឺម៉ង់, ម៉ាឡេស៊ី និងរុស្ស៊ី។ នេះបើយោងតាមទិន្នន័យនៅលើគេហទំព័រ SimilarWeb។
តើទៅថ្ងៃអនាគត កម្មវិធីមួយនេះនឹងក្លាយជាកម្មវិធីដែលមានអ្នកប្រើប្រាស់ច្រើនជាងគេបំផុតនៅលើពិភពលោកឬ?