(ភ្នំពេញ)៖ ក្រុមជិះកង់គិរីរម្យដែលមានសមាជិកជាង១០០នាក់នោះ តែងរៀបចំព្រឹត្តិការណ៍ជិះកង់រៀងរាល់ឆ្នាំទៅកាន់គោលដៅទេសចរណ៍នៅតាមបណ្ដាខេត្តនានា ដើម្បីចូលរួមបំផុសចលនាស្មារតីកីឡាជិះកង់ដើម្បីសុខភាព ពង្រឹងសាមគ្គីភាពនិងភាតរភាព ពង្រីកទំនាក់ទំនង និងចូលរួមផ្សព្វផ្សាយពីសក្ដានុពលទេសចរណ៍ លើកស្ទួយវិស័យទេសចរណ៍នៅមូលដ្ឋាន ក៏ដូចជាទេសចរណ៍កីឡានៅកម្ពុជាផងដែរ។

ដើម្បីបង្កើននូវភាពរីករាយស្និទ្ធស្នាល និងរឹតចំណងសាមគ្គីភាពរវាងសមាជិកក្នុងក្រុមផងនោះ នារសៀលថ្ងៃទី៧ ខែសីហា ឆ្នាំ២០២២ ក្រុមជិះកង់គិរីរម្យបានរៀបចំពិធីជួបជុំគ្នានិងទទួលទានអាហារសាមគ្គីរបស់ក្រុមជិះកង់គិរីរម្យដើម្បីសុខភាពឆ្នាំទី៦ និងអបអសាទរកំពូលអ្នកបំបែកខ្យល់ នៅសណ្ឋាគារសុខាភ្នំពេញរ៉េស៊ីដង់។

នាពិធីនោះ លោក យង់ កែវ ប្រធានក្រុមជិះកង់គិរីរម្យ បានលើកឡើងថា រហូតដល់ពេលបច្ចុប្បន្ន សមាជិកក្រុមកង់គិរីរម្យមានសមាជិក១២៥នាក់ ហើយសមាជិកទាំងអស់សុទ្ធតែអ្នកស្នេហាវិស័យជិះកង់ដែលមកពីគ្រប់មជ្ឈដ្ឋាន មានទាំងអាជីវករ និងមន្រ្តីរាជការ ក្នុងនោះដែរក្រុមកង់គិរីរម្យមានការសហការគ្នាក្នុងការជិះកង់ ទាំងវិន័យ ទាំងការស្លៀកពាក់ និងស្រលាញ់គ្នាមិនរើសអើងឡើយ ព្រោះដើម្បីសុខភាព និងទំនាក់ទំនងគ្នាទៅវិញទៅមក។

លោក យង់ កែវ បានបន្តថា ក្រុមកង់គិរីរម្យស្រលាញ់គ្នាដូចបងប្អូន ណែនាំគ្នា បង្ហាត់បង្ហាញគ្នា អធ្យាស្រ័យគ្នា និងនាំគ្នាជិះកង់ដើម្បីសុខភាពទាំងអស់គ្នា។ ក្នុងកម្មវិធីនោះដែរមានការប្រកាសសមាជិកក្រុមកង់គិរីរម្យថ្មីចំនួន១០នាក់ ដើម្បីបង្ហាញមុខនិងចូលរួមជិះកង់ហាត់ប្រាណជាមួយគ្នា។

លោកប្រធានបានបន្តទៀតថា កម្មវិធីទទួលទានអាហារសាមគ្គីរបស់ក្រុមកង់គិរីរម្យនេះតែងតែធ្វើជាងរៀងរាល់ឆ្នាំ ក្នុងមួយឆ្នាំធ្វើកម្មវិធីនេះ៤ដង និងមានកម្មវិធីធំៗដែលមានការជិះកង់ទៅខេត្តសៀមរាប ខេត្តព្រះសីហនុ ខេត្តកំពត ជាពិសេសគឺជិះកង់ឡើងទៅលើកំពូលភ្នំបូកគោ និងជិះជុំវិញលើកំពូលភ្នំបូកគោដែលជាទីតាំងមានសក្តានុពលខ្ពស់ទៅលើអាកាសធាតុ ដែលអ្នកវិស័យស្នេហាកីឡាជិះកង់មានបទពិសោធន៍តែងតែនិយាយថា តំបន់នេះល្អបំផុតសម្រាប់កីឡាជិះកង់ ជាពិសេសមានខ្យល់អាកាសល្អបំផុតសម្រាប់ផ្លូវដកដង្ហើមនិងសួត ថែមទាំងមានផ្លូវល្អចុះឡើងខ្វាត់ខ្វែងដែលរុំព័ទ្ធដោយព្រៃភ្នំនិងបឹង ហើយមានផ្លូវសម្រាប់កង់គួកនិងកង់ភ្នំ ជាពិសេសជាងនេះទៅទៀតអ្នកកីឡាជិះកង់ទាំងនោះក៏អាចទទួលទានទឹកពិសាឋានសួគ៌បូកគោ និងមានឱកាសពិសាបន្លែបានដាំដុះនៅលើកំពូលភ្នំបូកគោ ដែលអតិថិជនបានធ្លាប់បានពិសាកោតសរសើរថាល្អ។

លោកឧកញ៉ា សាយ សុភក្រ្តា ជាសមាជិកក្រុមកង់គិរីរម្យនេះដែរបានលើកឡើងថា លោកសប្បាយចិត្តណាស់ដែលបានចូលជាសមាជិកក្រុមកង់គិរីរម្យ ហើយតាំងពីលោកជិះកង់មក លោកមានសុខភាពល្អ និងជួយសព៌ាង្គកាយ កាយសម្បទានមាំមួន ដូចនេះលោកមានជាមតិយោបល់ទៅដល់ប្រជាពលរដ្ឋទាំងអស់ចូលរួមហាត់ប្រាណទាំងអស់គ្នាដើម្បីសុខភាពល្អ មិនថាហាត់កីឡាប្រភេទណាក៏ដោយ គួរតែចំណាយពេលមួយថ្ងៃឱ្យបាន១ម៉ោងកាន់តែប្រសើរ។

ក្នុងកម្មវិធីក្រុមកង់គិរីរម្យនេះដែរក៏មានការចាប់រង្វាន់អនុស្សាវរីយ៍ ដែលមានការឧបត្ថមដោយក្រុមហ៊ុនសុខាអូតែល ក្រុមហ៊ុនសូគីម៉ិច ក្រុមហ៊ុនទឹកពិសាឋានសួគ៌បូកគោ ក្រុមហ៊ុន Garmin ក្រុមហ៊ុនហាងកង់សុភី ក្រុមហ៊ុនហាងកង់88 ឱសថស្ថានពន្លឺពេជ្រ ក្រុមហ៊ុនជាងបាក់វ៉ាន់ហុង ហាងកង់ហ្វាម ហាងកង់ខេអេសឌី ហាងញាំកាហ្វេ ហាងគន់ផល្លីម និងសុផល Cyclist & Mechanic។

គួរជម្រាបថា ក្នុងពិធីទទួលទានអាហារសាមគ្គីនោះដែរ ក្រុមជិះកង់គិរីរម្យក៏បានចូលរួមអបអសាទរកំពូលអ្នកបំបែកខ្យល់ (TOP OF THE WINDBREAKER) ចំនួន២នាក់ កាលពីព្រឹត្តិការណ៍ជិះកង់ភ្នំពេញ-សៀមរាប។ ត្រង់ចំណុចនេះក៏សូមរំលឹកដែរថា កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២កន្លងទៅ ក្រុមជិះកង់គិរីរម្យបានរៀបចំព្រឹត្តិការណ៍ជិះកង់ចេញពីរាជធានីភ្នំពេញទៅកាន់ខេត្តសៀមរាប-អង្គរ ដែលមានរយៈចម្ងាយ៣១០គីឡូម៉ែត្រ។ ក្នុងនោះគេក៏បានរកឃើញកំពូលអ្នកបំបែកខ្យល់ចំនួន២នាក់ (TOP OF THE WINDBREAKER) គឺលោក អ៊ុង សម្ជស្ស និងលោក ហេង វេតាក់ ដែលគាត់គឺជាអ្នកដំបូងបំផុតដែលបានជិះកង់ជួរមុខ និងអូសសមាជិកជិះកង់គិរីរម្យពីភ្នំពេញទៅដល់ទឹកដីអច្ឆរិយៈសៀមរាប ដែលមានចម្ងាយ៣១០គីឡូម៉ែត្រ។ ជាការលើកទឹកចិត្ត ក្រុមជិះកង់គិរីរម្យនិងសមាជិកក៏បានប្រគល់រង្វាន់ជូនកំពូលអ្នកបំបែកខ្យល់ទាំង២នាក់ មានដូចជាសម្ភារជំនួយសម្រាប់ជិះកង់ កាតសាំងសូគីម៉ិ ទឹកពិសាឋានសួគ៌បូកគោ និងពេជ្រ៣.៦លី៕