(ភ្នំពេញ)៖ សហព័ន្ធបាល់ទាត់កម្ពុជា FFC និង UEFA Assist Program បានរួមគ្នាបង្កើតកម្មវិធីសិក្ខាសាលាស្តីពីការពង្រឹងសមត្ថភាពគ្រប់គ្រងសមាគមកីឡាបាល់ទាត់រាជធានី-ខេត្ត ដែលមានការចូលរួមពីសមាជិក ប្រធាន និងអនុប្រធានមន្ទីរពីទូទាំង ២៥ខេត្ត-ក្រុងចាប់ផ្តើមពីថ្ងៃទី០៦ ដល់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២។

ការរៀបចំសិក្ខាសាលាខាងលើដោយមានការចូលរួមពីគ្រូឧទេ្ទសរបស់ FFC និង UEFA Assist Program គឺផ្តោតសំខាន់លើការរៀបចំអភិបាលកិច្ច និងរចនាសម្ព័ន្តសមាគម ក៏ដូចជាការស្វែងរកធនធានមនុស្ស, ការគ្រប់គ្រងរបស់អ្នកពាក់ព័ន្ធ, ការអភិវឌ្ឍន៍ផ្នែកបច្ចេកទេស, ការគ្រប់គ្រងកីឡាករ, ការគ្រប់គ្រងការប្រកួតប្រជែង, ការបង្កើតទំនាក់ទំនង ប្រព័ន្ធផ្សព្វផ្សាយសង្គម, ការគ្រប់គ្រងហិរញ្ញវត្ថុ, ការបង្កើតបា្រក់ចំណូល និងផែនការយុទ្ធសាស្ត្រ និងប្រតិបត្តិការដោយសមាគមខេត្ត។

ក្នុងសិក្ខាសាលានេះ ការចូលរួមពីគ្រូឧទេ្ទសរបស់ UEFA Assist Program ជាមួយសមាជិក ប្រធាន និងអនុប្រធានមន្ទីពីរាជធានីខេត្តទាំង២៥ នេះ គឺក្នុងន័យបន្ថែមការសិក្សាស្វែងយល់ពង្រឹងការគ្រប់គ្រង និងបង្កើតសកម្មភាពបាល់ទាត់កម្ពុជាឲ្យមានភាពរីកចម្រើននៅថ្ងៃអនាគត៕