(បរទេស)៖ ក្រុមហ៊ុន Apple កំពុងតែចាប់ផ្តើមរាប់ថ្ងៃថយក្រោយបណ្តើរៗហើយ សម្រាប់ព្រឹត្តិការណ៍ដ៏ធំរបស់ខ្លួន ដែលត្រូវបានគេរំពឹងថានឹងប្រកាសចេញ iPhone 14 រួមទាំង Apple Watch Series 8 និងឧបករណ៍ថ្មីៗជាច្រើនទៀត។ ខណៈឧបករណ៍ទាំងនោះត្រូវបានគេឱ្យដឹងថា Apple ត្រៀមរួចរាល់ និងថតវីដេអូទុក (Pre-record video) រួចជាស្រេច ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន MacRumor នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២២។

យ៉ាងណាមិញចំពោះព្រឹត្តិកាណ៍នោះត្រូវបានគេឱ្យដឹងថា Apple នឹងនៅតែធ្វើតាមរយៈអនឡាញដដែល ដែលជាប្រភេទព្រឹត្តិកាណ៍និម្មិតដោយមិនតម្រូវឱ្យមានមនុស្សចូលរួមផ្ទាល់នោះទេ ខណៈព្រឹត្តិការណ៍នោះនឹងត្រូវធ្វើឡើងនៅក្នុងខែកញ្ញាខាងមុខនេះ។

បើយោងតាមប្រភពពីលោក Mark Gurman មកពី Bloomberg បានបញ្ជាក់ប្រាប់ថា ព្រឹត្តិការណ៍កំពូលរបស់ Apple ដែលរំពឹងថានឹងធ្វើឡើងនៅដើមខែកញ្ញានោះ គឺកំពុងតែស្ថិតក្រោមការផលិតរួចរាល់ហើយ ដោយបញ្ជាក់បន្ថែមថា Apple កំពុងតែរៀបចំព្រឹត្តិការណ៍និម្មិតមួយផ្សេងទៀត ដែលត្រូវបានរៀបចំថតទុកមុន (Pre-record video) រួចជាស្រេច។ លើសពីនេះទៅទៀតលោក Gurman រំពឹងថា Apple ប្រហែលជាមានគម្រោងរៀបចំព្រឹត្តិកាណ៍ចំនួនពីរនៅក្នុងខែកញ្ញានោះ ដែលវាស្រដៀងទៅនឹងអ្វីដែលក្រុមហ៊ុននេះបានធ្វើប៉ុន្មានឆ្នាំចុងក្រោយនេះ។

គួរបញ្ជាក់ដែរថា ព្រឹត្តិការណ៍ខែក្រោយដែលអ្នកប្រើប្រាស់គ្រប់គ្នាទន្ទឹងរង់ចាំអស់រយៈពេលជាយូរមកនេះ ទំនងជាផ្តោតលើ iPhone ស៊េរីថ្មី និង Apple Watch ថ្មី ខណៈព្រឹត្តិការណ៍ទី២ ដែលបានលើកឡើងពីខាងដើមនោះនឹងត្រូវធ្វើឡើងក្នុងខែតុលា ដោយផ្តោតសំខាន់ទៅលើ Mac និង iPad ជំនាន់ថ្មី បន្ថែមពីនេះទៅទៀត Apple ក៏គ្រោងនឹងប្រកាសចេញ iPad Pro ថ្មី AirPods Pro ជំនាន់ទី 2 ជាច្រើនទៀតផងដែរ៕