(ភ្នំពេញ)៖ ក្នុងនាមប្រធានគណៈកម្មាធិការស្ត្រី និងកីឡា អមគណៈកម្មការជាតិអូឡាំពិកកម្ពុជា លោកស្រីបណ្ឌិត កុយ ពិសី រដ្ឋលេខាធិការក្រសួងទេសចរណ៍ នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២២នេះ បានសម្ដែងការកោតសរសើរ និងអបអរសាទរចំពោះក្រុមកីឡាករ កីឡារិនីពិការកម្ពុជា ដែលខិតខំពុះពាររហូតទទួលជោគជ័យនាំយកមេដាយមាស ក្នុងការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១១ ជូនជាតិមាតុភូមិ។

លោកស្រីបណ្ឌិត កុយ ពិសី បានបង្ហាញសេចក្តីរីករាយ និងកោតសសើរយ៉ាងដូច្នេះថា៖ «ក្នុងចំណោមមេដាយមាសចំនួន៧ ដែលកីឡាករ កីឡាការិនីកម្ពុជាទទួលបាន គឺស្ត្រីទទួលបានមេដាយមាសចំនួន៥ បុរសទទួលបាន២។ ការទទួលបានមេដាយមាសច្រើនរបស់កីឡាការិនីកម្ពុជានេះ បានបង្ហាញថាស្ត្រីកម្ពុជាខ្លាំង និងពូកែគួរឲ្យមោទនភាពណាស់។ កីឡារស់ក្នុងសន្តិភាព កីឡារីកចំរើននិង ល្បីល្បាញនៅក្នុងសម័យសម្តេចតេជោយើង ស្ត្រីកម្ពុជាមានកិត្តិនាមខ្លាំងនៅលើឆាកអន្តរជាតិទាំងពិការ និងមិនពិការ»

ជាមួយគ្នានេះដែរ លោកជំទាវបណ្ឌិត កុយ ពិសី បានបង្ហាញការសប្បាយរីករាយយ៉ាងខ្លាំងដែលឃើញការយកចិត្តទុកដាក់ពីសំណាក់សម្តេចពិជ័យសេនា ទៀ បាញ់ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ នាយករដ្ឋមន្រ្តីចំពោះក្រុមកីឡាករ កីឡាការិនី កម្ពុជា តាមរយៈការទៅទទួលដល់ Airport និងជូននូវបាច់ផ្កា ផ្ទាល់ដៃដល់កីឡាការិនីស្ត្រីដែលបាននាំយកមេដាយមាស ជូនជាតិមាតុភូមិ។

លោកស្រីបណ្ឌិត កុយ ពិសី បានបញ្ជាក់ថា ក្រុមកីឡាការិនី និងកីឡាករ បានបង្ហាញនូវភាពកក់ក្តៅ និងសប្បាយចិត្តឥតឧបមាដែលឃើញថ្នាក់ដឹកនាំកម្ពុជា យកចិត្តដាក់ចំពោះពួកគាត់ដែលជាជនពិការ ជាពិសេសមានវត្តមានរបស់សម្តេចពិជ័យសេនា ទៀ បាញ់ ដែលជាតំណាងឲ្យប្រមុខថ្នាក់ដឹកនាំកំពូល និងថ្នាក់ដឹកនាំផ្សេងៗទៀត បានទៅទទួលពួកគាត់ដល់ព្រលានយន្តហោះដូច្នេះ។

គួរជម្រាបថា សម្រាប់ការចូលរួមប្រកួតកីឡាជនពិការ ASEAN Para Games 2022 លើកទី១១ នៅទីក្រុង Solo ប្រទេសឥណ្ឌូនេស៊ី ជាលទ្ធផលកម្ពុជាដណ្តើមបានមេដាយសរុប ២៨គ្រឿង ដោយក្នុងនោះមេដាយមាស ៧ ប្រាក់ ១០ និងសំរិទ្ធ ១១គ្រឿងផងដែរ៕