(ភ្នំពេញ)៖ ព្រឹត្តិការណ៍កីឡាអេឡិចត្រូនិកលីកអាជីព MPL-KH Pro League នៃវិញ្ញាសា Mobile Legends: Bang Bang បានឈានដល់វគ្គ MPL-KH Autumn Split ដែលបានចាប់ផ្ដើមការប្រកួតវគ្គវិលជុំសន្សំពិន្ទុ (Regular) កាលពីចុងសប្ដាហ៍កន្លងទៅ ក្រោយបញ្ចប់ការប្រកួតវគ្គ Spring Split កាលពីចុងខែឧសភា ឆ្នាំ២០២២។

យោងតាមគណៈកម្មការរៀបចំការប្រកួត វគ្គប្រជុំដោយក្រុមខ្លាំងៗ គឺមានបេក្ខភាព ៨ក្រុមចូលរួម ដែលត្រូវប្រកួតវគ្គ Regular ចាប់ពីថ្ងៃទី០៦ ខែសីហា រហូតដល់ថ្ងៃទី០៤ ខែកញ្ញា មុនបន្ដការប្រកួតវគ្គខ្វែង (Play-Off) ចាប់ពីថ្ងៃទី១៧ ខែកញ្ញា ដល់ថ្ងៃទី០១ ខែតុលា និងវគ្គផ្ដាច់ព្រ័ត្រ នឹងធ្វើឡើងនាថ្ងៃទី០២ ខែតុលា ឆ្នាំ២០២២ ខាងមុខ។

តាមរយៈការប្រកួត MPL-KH Pro League វគ្គ Autumn Split នេះដែរ គឺជាការប្រកួតកាន់តែប្លែក និងអស្ចារ្យ ដើម្បីបង្កើនគុណភាព សមត្ថភាព បច្ចេកទេស និងជំរុញការអភិវឌ្ឍកីឡាអេឡិចត្រូនិកនៅប្រទេសកម្ពុជា ក្នុងគោលបំណងស្វែងរកក្រុមមានសមត្ថភាពខ្ពស់ចេញទៅប្រកួតកម្រិតពិភពលោកនាចុងឆ្នាំ២០២២ និងព្រឹត្តិការណ៍អន្ដរជាតិផ្សេងៗទៀត។

សូមបញ្ចាក់ថា Mobile Legends: Bang Bang គឺជាវិញ្ញាសាដែលពេញនិយម ហើយមានការលេងច្រើនពីសំណាក់កីឡាករអេឡិចត្រូនិកលើពិភពលោក ជាក់ស្ដែងនៅកម្ពុជា ក៏តែងមានការរៀបចំនូវការប្រកួតជាបន្ដបន្ទាប់ ដើម្បីពង្រឹង និងអភិវឌ្ឍន៍សមត្ថភាពកីឡាករឲ្យមានគុណភាពកម្រិតខ្ពស់ ដើម្បីមានលទ្ធភាពចូលរួមប្រកួតថ្នាក់តំបន់ និងអន្ដរជាតិផងដែរ៕