(គីនសាសា)៖ លោក Sebastien Desabre ត្រូវបានតែងតាំងជាគ្រូបង្វឹកថ្មី នៃក្រុមបាល់ទាត់ជម្រើសជាតិកុងហ្គោ បន្ទាប់ពីបានបញ្ចប់កិច្ចសន្យារបស់លោក ជាមួយក្លិបបារាំង Niort។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាយថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២២។

បុរសវ័យ ៤៦ឆ្នាំរូបនេះបានបន្តតំណែងពីលោក Hector Cuper ដែលត្រូវបានដកចេញពីតំណែងកាលពីខែមិថុនា បន្ទាប់ពីក្រុមកុងហ្គោ បានចាញ់ការប្រកួតបើកឆាកចំនួន ២ប្រកួតរបស់ពួកគេនៃការប្រកួតជម្រុះ 2023 Africa Cup of Nations។

ពុំមានព័ត៌មានលម្អិតនោះទេ ស្តីពីកិច្ចសន្យារបស់លោក Sebastien Desabre នៅក្នុងសេចក្តីថ្លែងការណ៍សង្ខេបមួយ ដែលបានចេញផ្សាយដោយសហព័ន្ធបាល់ទាត់កុងហ្គោ។

ការតែងតាំងនេះ គឺជាការនាំយកបុរសសញ្ជាតិបារាំងរូបនេះ ទៅកាន់ទ្វីបអាហ្វ្រិកវិញ ដែលកាលពីពេលមុន លោកធ្លាប់ធ្វើជាគ្រូបង្វឹកក្រុមជម្រើសជាតិអ៊ូហ្គង់ដា ហើយក៏ធ្លាប់ធ្វើជាគ្រូបង្វឹក នៅក្លិបនានា ស្ថិតក្នុងប្រទេសអាល់ហ្សេរី អង់ហ្គោឡា កាមេរូន អេហ្ស៊ីប កូតឌីវ័រ ម៉ារ៉ុក និងទុយនេស៊ីផងដែរ៕