(ឡុងដ៍)៖ អ្នកចាត់ការក្លិប Chelsea លោក Thomas Tuchel សប្បាយចិត្តខ្លាំង ចំពោះទម្រង់លេងរបស់កីឡាករ Thiago Silva, Cesar Azpilicueta និងកីឡាករ Kalidou Koulibaly កាលពីថ្ងៃសៅរ៍ ប៉ុន្តែជាមួយនឹងការបូកបញ្ចូលគ្នានៃអាយុរបស់ខ្សែការពារទាំង ៣នាក់នេះ មានចំនួន១០០ឆ្នាំនោះ លោកបានឲ្យដឹងថា ក្លិបត្រូវការខ្សែការពារជំនាន់ថ្មី។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២២។

Chelsea ដែលបានយកឈ្នះលើក្រុម Everton ក្នុងលទ្ធផល ១-០ នៃការប្រកួតបើកឆាក Premier League របស់ពួកគេនោះ បានបាត់បង់កីឡាករ Antonio Rudiger វ័យ ២៩ឆ្នាំ និងកីឡាករ Andreas Christensen វ័យ២៦ឆ្នាំ ក្នុងពេលបិទរដូវកាល មុនពេលចុះកិច្ចសន្យាជាមួយកីឡាករអន្តរជាតិសេណេហ្គាល់ Koulibaly មកពីក្លិប Napoli។

«យើងពិតជារីករាយដែលមានកីឡាករដូចជា Azpi, Thiago និង Kalidou ប៉ុន្តែវាក៏មានសារៈសំខាន់ ដែលយើងមានកីឡាករជំនាន់ក្រោយចូលមក ដើម្បីបន្តតំណែងពីពួកគេ នៅពេលអនាគត»។ នេះបើតាមសម្តីអ្នកចាត់ការសញ្ជាតិអាល្លឺម៉ង់។

សូមជម្រាបថា តោខៀវ Chelsea ដែលបញ្ចប់នៅចំណាត់ថ្នាក់ទី៣ ក្នុងលីគកាលពីរដូវកាលមុននោះ នឹងធ្វើជាម្ចាស់ផ្ទះទទួលគូប្រជែង Tottenham Hotspur នៅថ្ងៃអាទិត្យសប្តាហ៍នេះ៕