(អឺរ៉ុប)៖ ប្រធានក្លិបអេស្ប៉ាញ FC Barcelona លោក Joan Laporta បាននិយាយថា ខ្សែបម្រើ Frenkie de Jong ចង់បន្តលេងនៅជាមួយក្លិបនេះ បើទោះបីជាមានការចាប់អារម្មណ៍ខ្លាំងពីក្លិប Manchester United ដែលបានដាក់សំណើទិញនាពេលកន្លងមកក៏ដោយ។

ក្លិបស្ថិតក្នុងលីគអង់គ្លេស Premier League បានព្រមព្រៀងក្នុងតម្លៃប្រមាណ ៦៣.៥លានផោន ចំពោះការនាំយកខ្សែបម្រើសញ្ជាតិហូឡង់ de Jong កាលពីខែមុន ប៉ុន្តែការផ្លាស់ប្តូរនេះមិនទាន់សម្រេចជាផ្លូវការនោះទេ។

លោក Laporta បាននិយាយថា «de Jong ជាកីឡាករល្អរបស់ក្លិប Barca ដែលមានគុណភាព យើងចង់ឲ្យគាត់បន្តស្នាក់នៅ ដែលគាត់មានការផ្តល់ជូន ហើយគាត់ក៏ចង់បន្តនៅដែរ» ខណៈរូបគេបានបង្ហាញខ្លួនយ៉ាងល្អក្នុងប្រកួតមិត្តភាពដែល Barcelona យកឈ្នះ Pumas UNAM ៦-០ និងរកបាន ១គ្រាប់ផងដែរ។

កន្លងមក de Jong បានក្លាយជាគោលដៅយ៉ាងសំខាន់របស់លោក Erik ten Hag ដែលជាអ្នកចាត់ការក្លិប Manchester United ក្នុងការយកមកបំពេញទម្រង់ខ្វះខាតក្លិប ដ្បិតការបើករដូវកាលថ្មីលីគ Premier League របស់ពួកគេបានចាញ់ Brighton ២-១ កាលពីថ្ងៃអាទិត្យសម្រាប់ជើងទី១។

របាយការណ៍ជាច្រើនបានឲ្យដឹង ក្លិប Barcelona ចង់ឲ្យខ្សែបម្រើ de Jong យល់ព្រមកាត់បន្ថយប្រាក់ខែរបស់គេ បើសិនជាបន្តស្នាក់នៅ អំឡុងពេលដែលក្លិបបានជួបបញ្ហាហិរញ្ញវត្ថុនេះ ប៉ុន្តែកិច្ចពិភាក្សារវាងក្លិប និងខ្សែបម្រើរូបនេះនៅមិនទាន់ចុះសម្រុងគ្នានោះទេ៕