(បរទេស)៖ កិច្ចព្រមព្រៀងទិញលក់តម្លៃ ៤៤ពាន់លានដុល្លារអាមេរិករវាងលោក Elon Musk និងក្រុមហ៊ុន Twitter នៅពេលនេះហាក់ដូចជាកំពុងឈានដល់ផ្លូវបំបែក ក្រោយពេលមហាសេដ្ឋីលំដាប់លេខមួយរូបនេះបានសម្រេចចិត្តដើរចេញពីកិច្ចព្រមព្រៀង ក្រោមហេតុផលមួយដែល Twitter មិនអាចផ្ដល់ចម្លើយឱ្យបាន។

ឥឡូវនេះ Fresh News Plus នឹងនាំអារម្មណ៍លោកអ្នកទៅរំលឹកឡើងវិញនូវសវតាដើម ដែលឈានរហូតដល់មានកិច្ចព្រមព្រៀង ៤៤ពាន់លានដុល្លារអាមេរិកនេះ។

កាលពីអំឡុងដើមខែមេសា ឆ្នាំ២០២២ លោក Elon Musk បានទិញភាគហ៊ុនរបស់ក្រុមហ៊ុន Twitter ក្នុងទឹកប្រាក់ប្រមាណ ៤ពាន់លានដុល្លារអាមេរិក និងបានជំរុញឱ្យលោកក្លាយជាម្ចាស់ភាគហ៊ុនធំជាងគេបំផុតរបស់ Twitter ជាមួយនឹងចំណែកភាគហ៊ុនប្រមាណ ៩ភាគរយ ខណៈដែលលោក Jack Dorsey ស្ថាបនិក Twitter មានត្រឹមតែ ២,២ភាគរយប៉ុណ្ណោះ។

ក្រោយពីបានក្លាយជាម្ចាស់ភាគហ៊ុនធំបំផុតហើយនោះ លោក Elon Musk ត្រូវបានបណ្ដាញសង្គមអាមេរិកមួយនេះ ត្រៀមកៅអីសម្រាប់ឱ្យអង្គុយនៅបន្ទប់ក្រុមប្រឹក្សាភិបាល ប៉ុន្តែឱកាសល្អកម្ររកបានមួយនេះ ត្រូវបានលោក Elon Musk ច្រានចោលមិនទទួលយកឡើយ។

បោះបង់ចោលកៅអីក្រុមប្រឹក្សាភិបាល Twitter មិនទាន់បានប៉ុន្មានថ្ងៃផង ស្រាប់តែអតីតម្ចាស់ភាគហ៊ុន Twitter បាននាំគ្នាប្ដឹងលោក Elon Musk ក៏ព្រោះតែលោកបានពន្យារពេលក្នុងការប្រកាសបង្ហាញព័ត៌មានលម្អិត និងជាសាធរណៈទាក់ទងនឹងការទិញភាគហ៊ុនរបស់ Twitter រហូតបានក្លាយជាម្ចាស់ភាគហ៊ុនធំជាងគេបំផុត។ អតីតម្ចាស់ហ៊ុនរបស់ Twitter ជាច្រើននាក់ ដែលដឹកនាំដោយលោក Marc Rasella បានថ្លែងថា៖ ការខកខាន និងពន្យារពេលការប្រកាសជាសាធារណៈអំពីតម្លៃហ៊ុននៅ Twitter គឺដោយសារតែលោក Elon Musk កំពុងតែខិតខំក្នុងការទិញយកភាគហ៊ុនបន្ថែមទៀតក្នុងតម្លៃកាន់តែទាប ហើយអាចបំប៉ោងតម្លៃកាន់តែខ្ពស់នៅក្នុងទីផ្សារ។

បណ្ដឹងមួយនេះមិនទាន់ដោះស្រាយដាច់ស្រឡះផង ស្រាប់តែលោក Elon Musk ដាក់សំណើសុំទិញក្រុមហ៊ុន Twitter ទាំងមូលក្នុងតម្លៃប្រមាណ ៤១ពាន់លានដុល្លារអាមេរិក ជាសាច់ប្រាក់សុទ្ធ ស្របពេលដែលក្រុមប្រឹក្សាភិបាល Twitter បានកំណត់ថា ម្ចាស់ភាគហ៊ុនទាំងអស់អាចកាន់កាប់ចំណែកហ៊ុនបានច្រើនបំផុតត្រឹមតែ ១៥ភាគរយប៉ុណ្ណោះ។

ក្រោយពីលោក Elon Musk បានដាក់សំណើសុំទិញ Twitter ក៏ស្រាប់តែមានក្រុមហ៊ុនវិនិយោគទុនឯកជនអាមេរិកដ៏ធំមួយដែលមានឈ្មោះថា Thoma Bravo បានដាក់សំណើដេញថ្លៃទិញយក Twitter ដែលមានបំណងប្រគួតប្រជែងជាមួយនឹងលោក Elon Musk តាមរយៈការដេញថ្លៃក្នុងតម្លៃ ៤៣ពាន់លានដុល្លារអាមេរិក ខណៈក្រុមហ៊ុនវិនិយោគឥណទានឯកជន Apollo Global ប្រកាសផ្តល់ហិរញ្ញប្បទានដល់ការដេញថ្លៃ Twitter ដោយសារតែមានក្រុមហ៊ុនជាច្រើនកំពុងចាប់អារម្មណ៍លើរឿងមួយនេះ។

សំណើសុំទិញពីសំណាក់លោក Elon Musk ត្រូវបានក្រុមហ៊ុន Twitter ច្រានចោល ប៉ុន្តែមហាសេដ្ឋីប្រាក់ពាន់ពាន់លានរូបនេះនៅតែបន្តស្នើសុំទិញម្ដងហើយ ម្ដងទៀត រហូតដល់ ចុងខែមេសា ក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Twitter បានយល់ព្រមលើសំណើនៃកិច្ចព្រមព្រៀងទិញយកបណ្ដាញសង្គមមួយនេះ ក្នុងតម្លៃ ៤៤ពាន់លានដុល្លារអាមេរិក ហើយកិច្ចព្រមព្រៀងនេះនឹងធ្វើឱ្យក្រុមហ៊ុន Twitter ក្លាយជាបណ្ដាញសង្គមឯកជន និងឯករាជ។

តើហេតុអ្វីបានជា Twitter បន្ទន់ឥរិយាបទយ៉ាងលឿនក្នុងការទទួលយកសំណើទិញក្រុមហ៊ុនពីសំណាក់ លោក Elon Musk?

ប្រភពផ្ទៃក្នុងរបស់ Twitter បានលួចបង្ហើប ក្រុមប្រឹក្សាភិបាលរបស់ Twitter ព្រមទទួលយកសំណើទិញក្រុមហ៊ុនពីសំណាក់លោក Musk ក៏ព្រោះតែដើម្បីសម្រេចគោលដៅ ដែលបានកំណត់ទុកជាយូរណាស់មកហើយ និងជាពិសេសគឺ «ដើម្បីដោះស្រាយបញ្ហាជម្លោះផ្ទៃក្នុងដ៏រ៉ាំរ៉ៃ»។ ម្ចាស់ភាគហ៊ុន និងអ្នកវិនិយោកទុនរបស់ Twitter បានជំរុញឱ្យក្រុមការងារធ្វើយ៉ាងណាស្វែងរកប្រាក់ចំណូលឱ្យបានច្រើនទៅតាមគោលដៅដែលខ្លួនបានពិភាក្សា និងកំណត់ ប៉ុន្តែប្រតិបត្តិការមួយនេះមិនអាចធ្វើទៅបានឡើយ ដោយសារតែមានការរាំងស្ទះពីសំណាក់សង្វាក់ផលិតកម្មខាងក្នុង ពោលគឺជម្លោះផ្ទៃក្នុង។ ជម្លោះផ្ទៃក្នុងនៅក្នុងក្រុមហ៊ុន Twitter ត្រូវបានគេដឹងថា បានកើតមានជាយូរណាស់មកហើយ ដោយក្នុងនោះគឺមានការរិះគន់ទៅលើសមត្ថភាពនៃថ្នាក់ដឹកនាំ ដោយខ្លះបានចោទថា ថ្នាក់ដឹកនាំកំពូលៗគ្មានសមត្ថភាព ខ្លះទៀតថា ការងារមានខ្សែ ឬបក្ខពួក...។ ហេតុផលទាំងនេះហើយទើប ក្រុមប្រឹក្សាភិបាល Twitter បានសម្រេចចិត្តលក់ឱ្យ Elon Musk ព្រោះគិតថា Elon Musk គឺមានសមត្ថភាពគ្រប់គ្រាន់ក្នុងការដោះស្រាយបញ្ហានេះបាន។

បន្ទាប់ពីទទួលបានភ្លើងខៀវពីសំណាក់ Twitter ហើយនោះ លោក Elon Musk ចាប់ផ្ដើមដើរប្រមូលប្រាក់ដើម្បីទិញយក Twitter ដោយក្នុងនោះលោកបានរៃអង្គាសពីអ្នកវិនិយោគទុនផ្សេងៗ និងបានលក់ហ៊ុននៅក្នុងក្រុមហ៊ុន Tesla រហូតបានទឹកប្រាក់ដ៏ច្រើនសន្ធឹក ប៉ុន្តែក្រោយមកនៅពាក់កណ្ដាលខែឧសភា កំពូលមហាសេដ្ឋីអាមេរិក លោក Elon Musk បានប្រកាសថា កិច្ចព្រមព្រៀងតម្លៃ ៤៤ពាន់លានដុល្លារ គឺត្រូវផ្អាកជាបណ្តោះអាសន្នសិន បន្ទាប់ពីលោកបានចោទសួរអំពី «ចំនួនគណនីក្លែងក្លាយនៅលើបណ្តាញទំនាក់ទំនងសង្គមដ៏ល្បីមួយនេះ»

លោក Elon Musk ហាក់ដូចជាគ្មានបំណងចង់បាន Twitter ឡើយ ដោយនៅចុងខែឧសភា លោកបានឆ្លើយតបទៅកាន់ក្រុមអ្នកវិនិយោគរបស់ Tesla ថា លោកគិតអំពីក្រុមហ៊ុន Tesla គ្រប់ពេលវេលា (២៤/៧) ចំណែក Twitter គឺមានត្រឹមតែ ៥ភាគរយប៉ុណ្ណោះ ដែលការឆ្លើយបតនេះបានធ្វើឱ្យ Twitter ខឹងកាន់តែខ្លាំង ហើយនៅដើមខែកក្កដា លោក Elon Musk បានសម្រេចចិត្តដើរចេញពីកិច្ចព្រមព្រៀង ៤៤ពាន់លានដុល្លារអាមេរិកជាផ្លួវការ បន្ទាប់ពី Twitter បរាជ័យក្នុងការបង្ហាញព័ត៌មានលម្អិតទាក់ទងនឹងគណនីក្លែងក្លាយមានតិចជាង ៥ភាគរយ។

ក្រុមហ៊ុន Twitter មិនបានបង្អង់យូរឡើយគឺនៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ បានដាក់ពាក្យប្ដឹងលោក Elon Musk ជាផ្លូវការ ហើយបណ្ដឹងមួយនេះនឹងត្រូវលើកយកមកដោះស្រាយនៅខែតុលាខាងមុខ។

គួរបញ្ជាក់ផងដែរថា ក្រោយពេលដែល Twitter បានដាក់ពាក្យប្ដឹងជាផ្លូវការ លោក Elon Musk ថ្មីៗនេះបានបោះសម្ដីយ៉ាងខ្លីទៅកាន់ Twitter វិញថា លោកនឹងទិញយកក្រុមហ៊ុន Twitter ប្រសិនបើអាចបញ្ជាក់បានថា ក្នុងចំណោម ១០០គណនី គឺមិនមានគណនីក្លែងក្លាយសូម្បីតែមួយឡើយ។

តើលោកអ្នកយល់យ៉ាងណាដែរ ចំពោះភាពរញ៉េរញ៉ៃនៃកិច្ចព្រមព្រៀងមួយនេះ? តើវាពិតជាឈានដល់ផ្លូវបំបែកហើយមែនទេ?