(ភ្នំពេញ)៖ ការប្រកួតកីឡាប៊ីយ៉ា និងស្នូកឃ័រដណ្ដើមពានរង្វាន់ King Snooker Cup 2022 បានចាប់ផ្ដើមការប្រកួតផ្លូវការហើយនាល្ងាចថ្ងៃទី០៨ ខែសីហា ដោយទទួលបានការគាំទ្រពេញទំហឹងពីអគ្គនាយកដ្ឋានកីឡា នៃក្រសួងអប់រំ យុវជន និងកីឡា ដើម្បីជំរុញការអភិវឌ្ឍន៍ និងផលិតធនធានកីឡាករឆ្នើមៗត្រៀមស៊ីហ្គេម ឆ្នាំ២០២៣។

លោក ម៉ារ៉ា សុជាតិ អគ្គលេខាធិការសហព័ន្ធកីឡាប៊ីយ៉ា និងស្នូកឃ័រកម្ពុជា បានឲ្យដឹងថា ពាននេះ រៀបចំឡើងក្រោមកិច្ចសហការរវាងសហព័ន្ធ និងក្លិប King Snooker Sport ក្នុងគោលបំណងជំរុញការអភិវឌ្ឍវិស័យកីឡានេះឲ្យកាន់តែរីកចម្រើន ក៏ដូចជាស្វែងរកកីឡាករល្អៗត្រៀមស៊ីហ្គេមនៅកម្ពុជា។ ការប្រកួតមានកីឡាករជើងខ្លាំង ១៦រូបចូលរួម និងចែកចេញជា ៤ពូលដោយគ្រោងចំណាយពេលប្រកួត ៣សប្ដាហ៍។

លោក អ៊ុក សិទ្ធិជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា បានបង្ហាញការគាំទ្រពេញទំហឹង ចំពោះការរៀបចំព្រឹត្តិការណ៍នេះ ហើយលោកបានលើកទឹកចិត្តដល់កីឡាករទាំងអស់ ត្រូវខំប្រឹង និងបញ្ចេញឲ្យអស់ពីសមត្ថភាព ដើម្បីដណ្ដើមជយលាភីផង និងដើម្បីជាឱកាសគណៈកម្មការបច្ចេកទេសរបស់សហព័ន្ធធ្វើការសម្រិតសម្រាំងកីឡាករឆ្នើមៗ ចូលរួមការប្រកួតអន្ដរជាតិនានាផង ពិសេសស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជាតែម្ដង។

តាមរយៈការប្រកួតនេះ អគ្គលេខាធិការរងទទួលបន្ទុកផ្នែកបច្ចេកទេស នៃគណៈកម្មាធិការជាតិ CAMSOC ដដែល ក៏បានចាត់ទុកជាឱកាសដុះខាត់សមត្ថភាពមន្ដ្រីបច្ចេកទេសឲ្យកាន់តែមុតស្រួចស្របតាមនិយាមអន្ដរជាតិ ដើម្បីមានលទ្ធភាពចូលរួមកាត់សេចក្ដី ក្នុងនាមជាម្ចាស់ផ្ទះស៊ីហ្គេមឆ្នាំក្រោយផងដែរ។ ហេតុនេះ លោកបានគាំទ្រ និងជំរុញឲ្យគ្រប់ភាគីពាក់ព័ន្ធ ពិសេសសហព័ន្ធ ត្រូវយកចិត្តទុកដាក់ខ្ពស់លើការរៀបចំនេះ។

លោក ហេង សុវណ្ណ អនុប្រធានសហព័ន្ធបានលើកឡើងថា ដើម្បីត្រៀមស៊ីហ្គេម ឆ្នាំ២០២៣ សហព័ន្ធបានទាមទារលើលក្ខខណ្ឌគុណភាពសមត្ថភាពរបស់កីឡាករ-កីឡាការិនី ក្នុងគោលបំណងចម្បងដើម្បីដណ្តើមមេដាយជូនជាតិ។ ដូច្នេះសហព័ន្ធនឹងបន្តការខិតខំរៀបចំការប្រកួតឲ្យបានកាន់តែច្រើន ដើម្បីឲ្យកាន់តែស្ទាត់ជំនាញលើផ្នែកបច្ចេកទេស អាចឈានទៅប្រកួតប្រជែងមេដាយ ក្នុងឋានៈជាម្ចាស់ផ្ទះព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រនាឆ្នាំក្រោយ៕