(មីឡាន)៖ ក្លិបបាល់ទាត់ Inter Milan បានព្រមព្រៀងគ្នាជាមួយកីឡាករខ្សែប្រយុទ្ធ Alexis Sanchez ក្នុងការបញ្ចប់កិច្ចសន្យាមុនកាលកំណត់ ដែលនៅសល់ ១ឆ្នាំទៀត។

ខ្សែប្រយុទ្ធអន្តរជាតិឈីលី វ័យ ៣៣ឆ្នាំខាងលើនេះ បានស៊ុតបញ្ចូលទី ២០គ្រាប់ពីការបង្ហាញខ្លួនបាន ១០៩ប្រកួតជាមួយ Inter Milan ដែលលេងនៅ Serie A បន្ទាប់ពីផ្ទេរចេញលក្ខណៈខ្ចីជើងពីក្លិបអង់គ្លេស បិសាចក្រហម Manchester United មុនឈានដល់ចុះកិច្ចសន្យាទិញដាច់នៅឆ្នាំ២០២០។

Sanchez បានជួយ Inter សម្រេចកិច្ចការធំតាមរយៈឈ្នះជើងឯក Serie A ជាលើកដំបូង ក្រោយរង់ចាំអស់ ១១ឆ្នាំនៃរដូវកាលឆ្នាំ២០២០-២០២១ បើទោះបីជារូបគេញាំញីដោយបញ្ហារបួសមិនសូវបានចូលលេងញឹកញាប់ក៏ដោយ។

ថ្មីៗនេះដែររូបគេ ក៏ត្រូវបានក្លិបបារាំង Marseille ទាក់ទងទៅលេងនៅ Ligue 1 ដែរ ក្នុងនាមជាខ្សែប្រយុទ្ធមួយរូបដែលចំណាយពេល ៤រដូវកាលលេងនៅ Arsenal។

Inter Milan ត្រូវលេងបើករដូវកាល Serie A របស់ពួកគេ ពេលធ្វើដំណើរទៅប៉ះក្រុម Lecce នារាត្រីថ្ងៃសៅរ៍ចុងសប្តាហ៍នេះ៕