(បរទេស)៖ ក្រុមហ៊ុនផលិតស្មាតហ្វូនលំដាប់ពិភពលោក Apple ទំនងជាមើលឃើញពីភាពជោគជ័យ iPhone 14 ថ្មី របស់ខ្លួនដែលត្រៀមប្រកាសចេញក្នុងខែកញ្ញាខាងមុខនេះ ខណៈពីមុនបានចេញផ្សាយថាការដាក់លក់សរុបនឹងមានចំនួនប្រមាណ ៩០លានគ្រឿង។ រហូតមកដល់ពេលថ្មីៗនេះដែរ ក៏មានដំណឹងលេចឮផ្សេងមួយទៀតថា Apple នឹងបង្កើនការផលិតរហូតដល់ទៅ ៥ភាគរយបន្ថែមទៀតឯណោះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន MacRumor នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២២។

យោងតាមខ្លឹមសារដែរចេញផ្សាយដោយ Taiwan Economic Times បានឱ្យដឹងថា Apple នឹងបង្កើនចំនួនឧបករណ៍ដែលខ្លួនផលិតរួមទាំងឧបករណ៍ដែលដាក់លក់ដល់ទៅ ៩៥លានគ្រឿងឯណោះ ដែលកើនឡើង ៥ភាគរយពីរការរំពឹងទុកពីមុន ហើយវាក៏ជាចំនួនដ៏ច្រើនបំផុតមួយស្របពេលដែលក្រុមហ៊ុនផលិតស្មាតហ្វូនធំៗផ្សេងទៀតនៅតែជួបបញ្ហាខ្សែសង្វាក់ផ្គត់ផ្គង់នៅឡើយ។

យ៉ាងណាមិញការបង្កើនការផលិតផលក្នុងចំនួនដ៏ច្រើននេះត្រូវបានប្រភពគូសបញ្ជាក់ពីការស្រាវជា្រវរបាយការណ៍ថា iPhone 14 Pro Max ទំនងជាម៉ូដែលដែលលេចធ្លោជាងគេ ដែលត្រូវបានផលិតនឹងដាក់លក់ក្នុងចំនួនដ៏ច្រើននៅរដូវកាលក្រោយនេះ បើទោះបីជាវាមានតម្លៃថ្លៃជាងគេក៏ដោយ។ មិនខុសទេសូម្បីតែ Apple ខ្លួនឯងផ្ទាល់ក៏បានលើកឡើងដែរថា iPhone 14 ទំនងជាធ្វើបានល្អ និងជោគជ័យជាង iPhone 13 បច្ចុប្បន្ន។ ប្រភពដដែលក៏បានបន្តទៀតថា ការផលិតដ៏ធំនៃ iPhone 14 ត្រូវបានគេរំពឹងថានឹងចាប់ផ្តើមនៅក្នុងខែនេះតែម្តង ដោយសារតែអ្នកផ្គត់ផ្គង់បាននិងកំពុងបង្កើនការនាំចេញគ្រឿងបន្លាស់ជាច្រើនក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ។

គួរបញ្ជាក់ដែរថា iPhone 14 និង iPhone 14 Pro និងមានទំហំ ៦.១អ៊ីញ រីឯ iPhone 14 Pro Max វិញអាចនឹងមានទំហំដល់ ៦.៧អ៊ីញឯណោះ ម្យ៉ាងទៀត Apple ទំនងជាធ្វើការអាប់ឌែតតែទៅលើត្រកូល Pro ទេ ដោយការអាប់ឌែតថ្មីនេះមានដូចជា កាមេរ៉ាទំហំ 48MP មានមុខងារ Always- on display ប្រើឈីប A16 រួមជាមួយនឹងការកាត់រន្ធកាមេរ៉ារាងមូលចេញពីលើក្បាលផងដែរ៕