(ភ្នំពេញ)៖ ព្រូដិនសលកម្ពុជា ជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត និងសុខភាពឈានមុខគេ បានប្រកាសនូវការផ្ដល់ជូនអត្ថប្រយោជន៍បន្ថែម សម្រាប់បុគ្គលិករបស់ខ្លួន ដើម្បីលើកកម្ពស់ភាពចម្រុះ និងការរួមបញ្ចូលនៅកន្លែងការងារ ក៏ដូចជា ដើម្បីគាំទ្រសុខភាព និងសុខុមាលភាពរបស់បុគ្គលិកផងដែរ។

ការផ្ដល់ជូននេះពិតជាស្របតាមគោលបំណងរបស់ក្រុមហ៊ុន ក្នុងការជួយបុគ្គលិករបស់ខ្លួនឱ្យទទួលបានជីវិតមួយដែលល្អប្រសើរបំផុត ដោយជួយឱ្យពួកគេអាចផ្សារភ្ជាប់ រីកចម្រើន និងទទួលបានភាពជោគជ័យនៅក្រុមហ៊ុនព្រូដិនសល។

អត្ថប្រយោជន៍សម្រាប់បុគ្គលិក គឺផ្តោតចម្បងលើផ្នែកចំនួន៣រួមមាន៖

ផ្នែកទី១៖ ផ្តោតលើការផ្តល់ជូនថ្ងៃឈប់សម្រាកបន្ថែមដល់បុគ្គលិក ក្នុងការប្រើប្រាស់សម្រាប់កម្មវិធីស្ម័គ្រចិត្តសប្បុរសធម៌ ឬបន្តការអប់រំ ឬការបណ្តុះបណ្តាលផ្នែកវិជ្ជាជីវៈ។
ផ្នែកទី២៖ ផ្តល់ការគាំទ្រកាន់តែខ្លាំងជាងមុនដល់បុគ្គលិកដែលត្រូវមានទំនួលខុសត្រូវជាមាតាបិតាថ្មីថ្មោង។
ផ្នែកទី៣៖ ផ្តោតលើសុខភាព និងសុខុមាលភាពទូទៅសម្រាប់បុគ្គលិករបស់ក្រុមហ៊ុនព្រូដិនសលទាំងមូល។

បុគ្គលិកក្រុមហ៊ុនព្រូដិនសល នឹងមានសិទ្ធិទទួលបានថ្ងៃឈប់សម្រាក ដែលមានប្រាក់ឈ្នួលបន្ថែមចំនួន៣ថ្ងៃ ដើម្បីចូលរួមកម្មវិធីស្ម័គ្រចិត្តសប្បុរសធម៌ និងអាចទទួលបានថ្ងៃឈប់សម្រាក សម្រាប់ការអភិវឌ្ឍជំនាញរហូតដល់១២ខែ។

លោក Sanjay Chakrabarty អគ្គនាយកនៃក្រុមហ៊ុនព្រូដិនសល បានថ្លែងថា «យើងជឿជាក់ថាបុគ្គលិករបស់យើងកំពុងបម្រើការជាមួយយើង ដោយសារពួកគេបានរួមចំណែកជាមួយបេសកកម្មរួម ក្នុងការធ្វើឱ្យប្រជាជនកម្ពុជាទាំងអស់ អាចមានលទ្ធភាពទទួលបានការថែទាំសុខភាព និងការធានារ៉ាប់រងដែលមានតម្លៃសមរម្យ។ ជាមួយនឹងគោលបំណងរួមគ្នានេះ ពួកគេគ្រប់គ្នាចង់រួមចំណែកផ្ដល់ភាពវិជ្ជមានដល់សង្គមកម្ពុជា។ បុគ្គលិកយើងខ្លះបានប្រើប្រាស់អត្ថប្រយោជន៍នេះ សម្រាប់ចូលរួមសកម្មភាពសប្បុរសធម៌ដោយស្ម័គ្រចិត្ត និងខ្លះទៀតសម្រាប់បន្តការអប់រំ ឬការបណ្តុះបណ្តាលវិជ្ជាជីវៈជាដើម ដូច្នេះយើងពិតជាចង់ធានាឱ្យបានថា យើងកំពុងជួយដល់បុគ្គលិក ឱ្យក្លាយជាកម្លាំងវិជ្ជមានក្នុងសង្គមកម្ពុជា»

ដើម្បីផ្តល់ការគាំទ្រកាន់តែខ្លាំង ដល់បុគ្គលិកដែលមានទំនួលខុសត្រូវជាមាតាបិតាថ្មីថ្មោង ក្រុមហ៊ុនព្រូដិនសលបានបង្កើនថ្ងៃឈប់សម្រាកលំហែមាតុភាព ជាមួយប្រាក់ឈ្នួលពេញលេញសម្រាប់បុគ្គលិកដែលជាស្រី្តពី៣ខែមកជា៤ខែវិញ។ ពួកគាត់ក៏អាចស្នើសុំការឈប់សម្រាករយៈពេល១ខែបន្ថែម ឬអាចជ្រើសរើសយកប្រាក់ឧបត្ថម្ភមាតុភាពប្រចាំខែចំនួន២៥០ដុល្លារអាមេរិក សម្រាប់រយៈពេល៦ខែ ដើម្បីគាំទ្រការវិលត្រឡប់របស់ពួកគេមកកាន់កន្លែងការងារវិញ បន្ទាប់ពីការសម្រាលកូន។

បុគ្គលិកបុរសក៏នឹងទទួលបានថ្ងៃឈប់សម្រាកលំហែបិតុភាព ដែលមានប្រាក់ឈ្នួលពេញលេញបន្ថែមពី៥ថ្ងៃមកជា១៥ថ្ងៃវិញ។ ថ្ងៃឈប់សម្រាកទាំងនេះ គឺត្រូវបានផ្ដល់ជូនលើសពីតម្រូវការ តាមច្បាប់ដែលបានកំណត់ដែលមានត្រឹមតែរយៈពេល៣ខែ ជាមួយនឹងប្រាក់ឈ្នួល ៥០ភាគរយ សម្រាប់ការឈប់សម្រាកលំហែមាតុភាព និង៥ថ្ងៃសម្រាប់ការឈប់សំរាកលំហែបិតុភាព។

លោក Balaji Ravi នាយកផ្នែកហិរញ្ញវត្ថុ បានថ្លែងថា «យើងបានបង្កើតគំនិតផ្តួចផ្តើមនេះឡើង ដើម្បីផ្តល់ការគាំទ្រកាន់តែប្រសើរជាងមុន ដល់បុគ្គលិក នៅពេលដែលពួកគេស្វាគមន៍សមាជិកថ្មី មកក្នុងគ្រួសាររបស់ពួកគេ ហើយយើងជឿជាក់ថា វានឹងជួយផ្តល់ឱកាសកាន់តែច្រើន ក្នុងការអភិវឌ្ឍស្ត្រីជាអ្នកដឹកនាំជំនាន់ក្រោយនៅកម្ពុជា»

ដើម្បីបង្កើនគុណភាពនៃសុខភាព និងសុខុមាលភាពទូទៅរបស់បុគ្គលិក ក្រុមហ៊ុនព្រូដិនសល បាននឹងកំពុងផ្តល់សកម្មភាព បណ្តុះបណ្តាលផ្នែកសុខភាពរាងកាយ ដោយឥតគិតថ្លៃនៅការិយាល័យរបស់ខ្លួន ដើម្បីលើកទឹកចិត្តបុគ្គលិកឱ្យថែរក្សា សុខុមាលភាពរាងកាយរបស់ពួកគេ។ ក្រុមហ៊ុនក៏បានផ្តល់នូវកម្មវិធីបន្ថែម ដើម្បីគាំទ្រលើការថែទាំផ្នែកសុខុមាលភាពផ្លូវចិត្ត នៅពេលដែលពួកគេត្រូវការប្រកបដោយភាពងាយស្រួល និងរក្សាការសម្ងាត់ តាមរយៈសេវាកម្មប្រឹក្សា២៤/៧ របស់ខ្លួន។

លោកស្រី Kerry Ling នាយកផ្នែកធនធានមនុស្ស បានថ្លែងថា «បុគ្គលិករបស់យើងភាគច្រើនស្ថិតនៅក្នុងវ័យក្មេង ជាមួយនឹងអាយុ២៧ឆ្នាំជាមធ្យម ភាពវ័យក្មេងនេះតម្រូវឱ្យពួកគេមានទំនួលខុសត្រូវលើការងារ ថែរក្សាឪពុកម្តាយដែលមានវ័យចំណាស់ និងការចាប់ផ្តើមកសាងគ្រួសារ។ ជំងឺរាតត្បាតបានបង្កើនភាពតានតឹងជាច្រើន សម្រាប់បុគ្គលិករបស់យើង ដូច្នេះហើយយើងបានផ្តល់សេវាកម្មការប្រឹក្សា ២៤/៧ ដល់បុគ្គលិកជាមួយនឹងបរិយាកាស ដែលពួកគេអាចទុកចិត្តបាន»

លើសពីនេះ ព្រូដិនសល បានធ្វើការបណ្តុះបណ្តាលបុគ្គលិកមួយចំនួនឱ្យក្លាយជា អ្នកឯកទេសផ្នែកប្រឹក្សាសុខភាពផ្លូវចិត្តបឋម ដើម្បីផ្សាភ្ជាប់បុគ្គលិកជាមួយអ្នកជំនាញសុខភាពផ្លូវចិត្ត។ អ្នកឯកទេសផ្នែកប្រឹក្សាសុខភាពផ្លូវចិត្តបឋមទាំងអស់ត្រូវបានបណ្តុះបណ្តាល ដើម្បីកំណត់ពីបញ្ហាដែលអាចកើតមាន ផ្តល់ជំនួយបឋម និងការណែនាំសម្រាប់សហគមន៍បុគ្គលិករបស់យើង។

នៅឆ្នាំនេះ ក្រុមហ៊ុនព្រូដិនសលក៏នឹងប្រារព្ធទិវាសុខភាពជាសកលផងដែរ ដើម្បីផ្ដល់ការសម្រាក និងសាកថ្មជីវិតសម្រាប់បុគ្គលិកទាំងអស់។

ក្រុមហ៊ុនព្រូដិនសលបានចាប់ផ្ដើមដំណើរការលើការប្តេជ្ញាចិត្ត រយៈពេលវែងចំពោះយុទ្ធសាស្ត្របរិស្ថាន សង្គម និងអភិបាលកិច្ច (ESG) របស់ខ្លួន ក៏ដូចជាវិធីសាស្រ្តជារួមចំពោះការប្រតិបត្តិការអាជីវកម្មប្រកបដោយទំនួលខុសត្រូវខ្ពស់។ កត្តាចម្បង គឺផ្តោតលើការលើកកម្ពស់ភាពចម្រុះ និងការរួមបញ្ចូលក៏ដូចជា ដើម្បីជួយឱ្យបុគ្គលិករបស់ខ្លួនគ្រប់រូប អាចបញ្ចេញសក្ដានុពលនៃសមត្ថភាពក្នុងការបំពេញការងារ របស់ពួកគេបានពេញលេញជារៀងរាល់ថ្ងៃ។ គំនិតផ្តួចផ្តើមដែលបានប្រកាសនៅថ្ងៃនេះ គឺជាជំហានយ៉ាងសំខាន់ ក្នុងការឆ្ពោះទៅសម្រេចឱ្យបាននូវការប្តេជ្ញាចិត្តនេះ។

ជាមួយនឹងការផ្តល់ជូនផលិតផលស្របតាមតម្រូវការគ្រប់បែបយ៉ាង ការអភិវឌ្ឍន៍ទេពកោសល្យ និងការបន្តវិនិយោគក្នុងសហគមន៍ ក្រុមហ៊ុនព្រូដិនសលកម្ពុជា កំពុងជួយប្រជាជនកម្ពុជាក្នុងការការពារ និងធានាអនាគតហិរញ្ញវត្ថុរបស់ពួកគេ តាមរយៈស្ថានភាពផ្សេងៗ នៃជីវិតប្រចាំថ្ងៃរបស់ពួកគេ។

សម្រាប់ព័ត៌មានលម្អិត ពីការចូលរួមក្លាយជាសមាជិកមួយរូបនៅព្រូដិនសលកម្ពុជា សូមចុចទីនេះ៖ https://www.prudential.com.kh/km/join-us/