(សេអ៊ូល)៖ ក្រុមចម្រៀងនារីល្បីឈ្មោះប្រចាំវិស័យ K-POP គឺ BLACKPINK នៅពេលនេះបានធ្វើឲ្យហ្វេនៗរីករាយត្រេកអរជាពន់ពេក បន្ទាប់ពីប្រកាសជាផ្លូវការអំពីកាលបរិច្ឆេទ និងទីតាំងធំៗជាច្រើន នៃព្រឹត្តិការណ៍ប្រគំតន្ត្រីទេសចរណ៍របស់ខ្លួន។ អ្វីដែលពិសេស ការប្រគំតន្ត្រីរបស់ក្រុមនារីនេះ នឹងចាប់ផ្តើមនៅទីក្រុងសេអ៊ូលតែម្តង ក្នុងតុលា ខាងមុខ មុននឹងចេញទៅទីក្រុងធំៗនៃបណ្តាប្រទេសជាច្រើនទៀត។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Soompi នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២២។

ជាក់ស្តែង នៅថ្ងៃទី ៩ ខែសីហា នៅពាក់កណ្តាលអាធ្រាត្រ (ពេលវេលានៅកូរ៉េ) ក្រុម BLACKPINK បានបង្ហាញកាលបរិច្ឆេទ និងទីក្រុងដំបូង សម្រាប់ដំណើរទេសចរណ៍ពិភពលោកឈ្មោះថា «BORN PINK»។ ចាប់ផ្តើមនៅទីក្រុងសេអ៊ូលនៅថ្ងៃទី១៥ និង១៦ ខែតុលា បន្ទាប់មក ក្រុមនេះនឹងចេញដំណើរភ្លាមៗទៅកាន់អាមេរិកខាងជើង ជាកន្លែងដែលពួកគេនឹងសម្តែងចំនួន១០ show នៅក្នុងទីក្រុងចំនួន៧ ផ្សេងៗគ្នានៅទូទាំងសហរដ្ឋអាមេរិក និងកាណាដា។

បន្ថែមពីនេះ នៅចុងខែវិច្ឆិកា ដល់ខែធ្នូ BLACKPINK នឹងទៅតំបន់អឺរ៉ុប ហើយបន្ទាប់មកទៅអាស៊ី និងមជ្ឈិមបូព៌ាក្នុងឆ្នាំថ្មី (២០២៣)។ នៅរដូវក្ដៅបន្ទាប់ ក្រុមនេះនឹងធ្វើដំណើរទៅកាន់ប្រទេសអូស្ត្រាលី និងនូវែលសេឡង់បន្ថែមទៀត។

គួរជម្រាបថា បើតាមផលិតកម្ម YG បានប្រកាសថា ការប្រគំតន្រ្តី World Tour «BORN PINK» របស់ BLACKPINK គឺជា World Tour ដែលធ្វេីជាលក្ខណៈពហុកីឡដ្ឋាន ដោយគេរំពឹងទុកអ្នកចូលទស្សនាសរុបរហូតដល់ទៅ ១.៥លាននាក់។ យ៉ាងណាមិញ បើនិយាយពីការ ការប្រគំតន្រ្តីដែលទទួលបានភាពជោគជ័យ ជាងគេបង្អស់នៅក្នុងប្រវត្តិសាស្រ្ត K-POP នារី គឺកំពុងកាន់កាប់ដោយការប្រគំតន្រ្តី World Tour «IN YOUR AREA» របស់ BLACKPINK ដែលកាលនោះ មានអ្នកចូលទស្សនាសរុបចំនួន ៤៧២,១៨៣នាក់៕