(ភ្នំពេញ)៖ វិទ្យាស្ថានខេមអេដ បានរៀបចំពិធីចែកសញ្ញាបត្រ ជូនដល់និស្សិត ដែលបានប្រលងបញ្ចប់ការសិក្សាលើកម្មវិធី ACCA និង CAT និងថ្នាក់បរិញ្ញាបត្រ BA+CAT សម្រាប់ ឆ្នាំ២០២១កន្លងទៅនេះ ក្រោមអធិបតីភាពលោកបណ្ឌិត ងី តាយី រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មការគ្រប់គ្រង កម្មវិធីសិក្សាគណនេយ្យករជំនាញកម្ពុជា និងជាប្រធានគណៈកម្មការចុះឈ្មោះ និងជាសមាជិកភាពវិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា។

ពិធីចែកសញ្ញាបត្រនេះ ក៏មានការចូលរួមពីសំណាក់លោកនាយកវិទ្យាស្ថានខេមអេដ ស្ថាប័ន ACCA កម្ពុជា សាស្រ្តាចារ្យ និយោជក និស្សិត និងអាណាព្យបាលផងដែរ ហើយត្រូវបានរៀបចំឡើង កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២២ នៅសណ្ឋាគារសូហ្វីតែល ភ្នំពេញ ភូគីត្រា ដោយបែងចែកនិស្សិតទទួលសញ្ញាបត្រជា ២ក្រុម ដោយរក្សាគម្លាតសុវត្ថិភាព ដើម្បីចូលរួមទប់ស្កាត់ការឆ្លងមេរោគកូវីដ១៩ ស្របតាមវិធានការណ៍សុវត្ថិភាព និងសុខភាពរបស់ក្រសួងសុខាភិបាលប្រទេសកម្ពុជា។

ជាកិច្ចចាប់ផ្តើម លោក ខេស៉ី បាណេត នាយកវិទ្យាស្ថានខេមអេដ បានថ្លែងថា ចាប់តាំងពីឆ្នាំ២០០៣ មក វិទ្យាស្ថានខេមអេដ បានសហការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បណ្តុះបណ្តាលនិស្សិតជាច្រើនជំនាន់រួចមកហើយ។ ក្នុងរយៈពេល ជាង២០ឆ្នាំនេះ វិទ្យាស្ថានខេមអេដ បានខិតខំយ៉ាងខ្លាំង ដើម្បីបង្កើត កាលានុវត្តភាពដល់និស្សិត និងសាធារណៈជនទូទៅ ដែលសិក្សានៅវិទ្យាស្ថាន ដោយយកគុណភាពជាចម្បង ជាពិសេសចំពោះ គុណភាពគ្រូបង្រៀន និងកម្មវិធីសិក្សា ដើម្បីអោយស្របទៅនឹងមាត្រដ្ឋានជាតិ និងអន្តរជាតិ។

លោកនាយកបានបន្តទៀតថា «ប្រព័ន្ធគណនេយ្យ និងហិរញ្ញវត្ថុគឺជា ផ្នែកដ៏សំខាន់ មួយនៃហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច។ គណនេយ្យ និងសវនកម្មបាន ជួយយើងក្នុងការរៀបចំ និងគ្រប់គ្រងអាជីវកម្ម ក៏ដូចជាបែងចែកដើមទុនប្រកប ដោយប្រសិទ្ធភាព ហើយទាមទារនូវជំនាញបច្ចេកទេស ពិតប្រាកដ។ ជាក់ស្ដែង ក្នុងនាមជានិស្សិត បញ្ចប់ការសិក្សាពីវិទ្យាស្ថានខេមអេដ និស្សិតពិតជាទទួលបាន ការអភិវឌ្ឍនូវជំនាញពិត ហើយទទួលបានគុណវុឌ្ឍិ ដែលត្រូវបានទទួលស្គាល់ ជាលក្ខណៈជាតិ និងអន្តរជាតិ»

ជាចុងក្រោយ លោកក៏បានធ្វើការផ្តាំផ្ញើទៅនិស្សិតបញ្ចប់ការសិក្សា ទាំងអស់ឲ្យបន្តការសិក្សា ដើម្បីវិនិយោគ លើខ្លួនឯង។ មិនត្រឹមតែប៉ុណ្ណោះទេ គឺត្រូវយល់ដឹងបន្ថែម លើក្រមសីលធម៌ ក្នុងនាមជាគណនេយ្យករជំនាញ ដោយត្រូវមានភាពស្មោះត្រង់ រក្សាការសម្ងាត់ និងមាន គោលដៅច្បាស់លាស់។

នៅក្នុងឱកាសដ៏មានអត្ថន័យនេះ លោកបណ្ឌិត ងី តាយី បានថ្លែងថា លោកពិតជាមានសេចក្តីរំភើបជាមួយប្អូនៗ ដែលទទួលបានជ័យលាភីក្នុងការសិក្សា រួមមានថ្នាក់បរិញ្ញាបត្រ ជំនាញគណនេយ្យនិងហិរញ្ញវត្ថុ កម្មវិធីACCA និង កម្មវិធីCAT ។

លោកបន្តថា «ភាពជោគជ័យរបស់ប្អូនៗ ក្មួយៗ គឺជាជោគជ័យ របស់គ្រួសារ របស់វីជ្ជាជីវៈគណនេយ្យ និងសវនកម្ម និងរបស់សង្គមជាតិទាំងមូល។ ឯកឧត្តមបានសង្កត់ធ្ងន់ថាវិទ្យាស្ថានខេមអេដ ពិតជាបានដើរតួយ៉ាងសំខាន់ ក្នុងវិស័យគណនេយ្យ និងហិរញ្ញវត្ថុក្នុងព្រះរាជាណាចក្រកម្ពុជា តាមរយៈការបង្កើត ធនធានមនុស្សដែលប្រកបដោយវិជ្ជាជីវៈច្បាស់លាស់ ដើម្បីបម្រើក្នុងវិស័យ៣ ក្នុងសេដ្ឋកិច្ចរបស់កម្ពុជា»

លោកបានលើកឡើងនូវ ៣ចំណុចសំខាន់ៗ រួមមាន៖

* ទី១៖ ភាគច្រើនសវនករដែលកំពុងបម្រើការងារក្នុងក្រុមហ៊ុនសវនកម្មឯករាជ្យ បានបញ្ចប់ការសិក្សានៅ វិទ្យាស្ថានខេមអេដ មានដូចជាក្រុមហ៊ុន PWC, KPMG, E&Y និង Deloitte ជាដើម។
* ទី២៖ នាយកប្រតិបត្តិក្នុងវិស័យធនាគារមួយចំនួនធំ ក៏សុទ្ធតែបានបញ្ចប់ការសិក្សាពី វិទ្យាស្ថានខេមអេដ ផងដែរ ដូចជា ប្រធានផ្នែកហិរញ្ញវត្ថុ ប្រធាននាយកប្រតិបត្តិ អ្នកគ្រប់គ្រងហិរញ្ញវត្ថុនៃធនាគារជាដើម។
* ទី៣៖ វិទ្យាស្ថានខេមអេដបច្ចុប្បន្ន គឺជាប្រភពសំខាន់មួយនៃមន្រ្តីរាជការលើកិច្ចការបច្ចេកទេស ដូចជា អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

បន្ថែមពីនេះទៅទៀត លោកក៏បានលើកឡើងថា ភាពជោគជ័យដែលវិទ្យាស្ថានទទួលបាន ក៏អាស្រ័យ ទៅនឹងការចូលរួមពីសំណាក់វិស័យឯកជននិងរដ្ឋ ក៏ដូចជាវិទ្យាស្ថានខ្លួនឯងផ្ទាល់ផងដែរ រួមមានសាស្រ្តាចារ្យដែល ប្រកបដោយគុណវឌ្ឍន៍ គណៈគ្រប់គ្រងសាលា និងបុគ្គលិកផ្សេងៗទៀត ដើម្បីបណ្ដុះបណ្ដាលអាជីពនេះ ឲ្យកាន់តែ បានលទ្ធផលល្អនិងប្រសើរជាងមុន។ ជាមួយគ្នានេះដែរ លោកក៏បានលើកសរសើរ ដល់វិទ្យាស្ថានខេមអេដ ដែលបានតែងតែខិតខំពង្រឹងគុណភាពអប់រំរបស់ខ្លួន ឲ្យលេចធ្លោទាំងនៅក្នុង និងក្រៅប្រទេស តាមរយៈការទទួលស្គាល់គុណភាពអប់រំ របស់វិទ្យាស្ថាន ដូចជាការទទួលស្គាល់ពី ASEAN University Network-Quality Assurance (AUN-QA) និងតាមរយៈ QS Stars Rating System ជាដើម។

ជាទីបញ្ចប់ លោកបណ្ឌិត ងី តាយី ក៏បានសំដែងនូវការអបអរសាទរ ដល់និស្សិតដែលបានប្រលងបញ្ចប់ កម្មវិធី ACCA CAT និង ថ្នាក់បរិញ្ញាបត្រ ជាមួយនឹងជោគជ័យដែលវិទ្យាស្ថានខេមអេដទទួលបានថ្ងៃនេះ៕