(ភ្នំពេញ)៖ ក្នុងឱកាសកម្ពុជាធ្វើប្រធានអាស៊ាន ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំសិក្ខាសាលាលើប្រធានបទសំខាន់ៗពីរ ដើម្បីលើកកម្ពស់ការអភិរក្ស និងអភិវឌ្ឍន៍ប្រភេទកីឡាប្រពៃណីក្នុងតំបន់។ សិក្ខាសាលានេះបានប្រារព្ធពិធីបើកនាថ្ងៃទី០៨ ខែសីហាម្សិលមិញ នៅសណ្ឋាគារសុខា ក្រោមវត្តមានលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា និងមានការចូលរួមពីបណ្ដាប្រទេសសមាជិកអាស៊ាន ព្រមទាំងតំណាងអង្គការ UNESCO ផងដែរ។

លោក អ៊ុក ឌីវ៉ង់ អគ្គនាយករងនៃអគ្គនាយកដ្ឋានកីឡាបានបញ្ជាក់ថា សិក្ខាសាលានេះ បែងចែកជាពីរផ្នែក ទី១-សិក្ខាសាលាស្ដីពីការអភិរក្ស និងអភិវឌ្ឍន៍កីឡាប្រពៃណីក្នុងតំបន់អាស៊ាន ធ្វើឡើងរយៈពេល ២ថ្ងៃ នៅថ្ងៃទី០៨-០៩ ខែសីហា និងទី២-សិក្ខាសាលាស្ដីពីការអភិវឌ្ឍតំបន់ហាត់ប្រាណ និងលេងកីឡានៅតំបន់អាស៊ាន ធ្វើឡើងរយៈពេល ២ថ្ងៃដូចគ្នានាថ្ងៃទី១០-១១ ខែសីហា ឆ្នាំ២០២២។

លោកថា «គោលបំណងធំ នៃសិក្ខាសាលានេះ ដើម្បីលើកកម្ពស់អត្ដសញ្ញាណអាស៊ាន តាមរយៈកីឡាប្រពៃណីទាំងអស់គ្នា។ ប្រទេសទាំងអស់ក៏ដូចជាអាស៊ាន មានកីឡាប្រពៃណីរៀងៗខ្លួន អ៊ីចឹង យើងទាំងអស់គ្នា រួមគ្នា ដើម្បីអភិរក្សអ្វីដែលយើងមានពីមុនមក ហើយអភិវឌ្ឍន៍វាឲ្យក្លាយជាកីឡាទំនើប ដើម្បីចូលរួមព្រឹត្តិការណ៍នានា ដូចជាស៊ីហ្គេម ឬអាស៊ី ឬអូឡាំពិកជាដើម»

«កម្ពុជាយើង ឆ្នាំ២០២៣ ដែលយើងធ្វើម្ចាស់ផ្ទះស៊ីហ្គេម លើកទី៣២ ក៏យើងមានគោលបំណងចង់បាន គឺការបញ្ចូលកីឡាប្រពៃណីរបស់យើង ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៣ ទទួលបានការគាំទ្រពីប្រទេសអាស៊ានផងដែរ ដូចជាកីឡាគុនខ្មែរ ល្បុក្កតោ ចំបាប់ និងទូកប្រពៃណីជាដើម»។ ម្យ៉ាងក្រសួងអប់រំ យុវជន និងកីឡា ក៏ស្វែងរកការគាំទ្របន្ថែម ដល់សេចក្ដីប្រកាសចំនួន២ ដែលកំពុងដំណើរការរៀបចំ និងត្រៀមដាក់ឆ្លង ក៏ដូចជាអនុម័តថ្នាក់ដឹកនាំ ក្នុងកិច្ចប្រជុំកំពូលអាស៊ាន នាខែវិច្ឆិកាខាងមុខផងដែរ។ លោក អ៊ុក ឌីវ៉ង់ បញ្ជាក់បន្ថែម៕