(បរទេស)៖ ក្រុមហ៊ុនផលិតបន្ទះឈីប Qualcomm ត្រូវបានគេឱ្យដឹងថា កំពុងតែបង្កើនមហិច្ឆតាកាន់តែខ្លាំងឡើងក្នុងការពង្រឹងសមត្ថភាពផលិតបន្ទះឈីប ដោយពេលថ្មីៗនេះបានយល់ព្រមទិញយកវត្ថុធាតុដើម «Semiconductor» បន្ថែមទៀតដែលមានតម្លៃសរុបទាំងមុននឹងក្រោយប្រមាណ ៧.៤ពាន់លានដុល្លារពីក្រុមហ៊ុន GlobalFoundries ដែលស្ថិតនៅក្នុងទីក្រុងញូវយ៉ក។

នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២២។

តាមរយៈកាលទិញយកថ្មីនេះគឺមានតម្លៃប្រមាណ ៤.២ពាន់លានដុល្លារ បូករួមទាំងកិច្ចព្រមព្រៀងទិញយកពីមុនមានតម្លៃខ្ទង់ ៣.២ពាន់លានដុល្លារ ដែលជាកិច្ចព្រមព្រៀងទិញយកដ៏ធំបំផុតមួយរវាងក្រុមហ៊ុនទាំងពី ដោយមានរយៈពេលរហូតដល់ឆ្នាំ២០២៨។ ជាមួយនឹងការបង្កើនការទិញយកថ្មីនេះត្រូវបានគេបញ្ជាក់ប្រាប់ថា Qualcomm នឹងបង្កើនសមត្ថភាពក្នុងការផលិតបន្ទះឈីបសម្រាប់ប្រើប្រាស់ក្នុងឧបករណ៍បញ្ចូន 5G, Wi-Fi, រថយន្ត និងសម្រាប់តភ្ជាប់ទៅកាន់បណ្តាញអ៊ីនធឺណិតផ្សេងៗទៀត។

យ៉ាងណាមិញក្រុមហ៊ុន GlobalFoundries ដំបូងឡើយគឺជាក្រុមហ៊ុនដ៏ធំជាងគេលំដាប់ទី៣ របស់ពិភពលោកដោយរកបានតាមរយៈប្រាក់ចំណូល បន្ទាប់ពីក្រុមហ៊ុន Taiwan Semiconductor Manufacturing Co Ltd និង Samsung Electronics Co Ltd ប៉ុន្តែជាឪកាសល្អត្រូវបានឡើងមកដល់ចំណាត់ថ្នាក់ទី២ នៅពេលដែលដកហូតអាជីវកម្មគ្រឹះរបស់ Samsung ចេញ។ ខណៈដែលក្រុមហ៊ុនផលិតបន្ទះឈីបរបស់សហរដ្ឋអាមេរិក Qualcomm ដែលមានឯកទេសលើបន្ទះឈីបស្មាតហ្វូនចល័ត ក៏ជាអតិថិជនដំបូងរបស់ GlobalFoundries ផងដែរ ដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងរយៈពេលវែងកាលពីឆ្នាំ២០២១ ដែលគ្របដណ្តប់លើភូមិសាស្រ្ត និងបច្ចេកវិទ្យាជាច្រើន។

ទន្ទឹមនឹងនេះ នាយកប្រតិបត្តិ (CEO) ក្រុមហ៊ុន GlobalFoundries លោក Thomas Caulfield បានសម្តែងសេចក្តីត្រេកអរនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ការដែរមានក្រុមហ៊ុន Qualcomm ជាអតិថិជនដ៏យូរអង្វែងនៃរោងចក្រនៅរដ្ឋញូវយ៉ករបស់ខ្លួននឹងជួយឱ្យមានការរីកចម្រើនកាន់តែខ្លាំងឡើង រួមជាមួយនឹងការផ្តល់មូលនិធិបន្ថែមទៀតពីសហព័ន្ធ និងរដ្ឋ ដើម្បីពង្រីកដំណើរការផលិតកម្មរបស់ក្រុមហ៊ុនសហរដ្ឋអាមេរិក»