(ភ្នំពេញ)៖ ធនាគារ ស្ថាបនា គឺជាធនាគារពាណិជ្ជឈានមុខគេមួយនៅកម្ពុជា នាព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២២នេះ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្ដីពី សេវាកម្មបង់ប្រាក់និងទូទាត់វិក្កយបត្រជាមួយ បុរី ជា រី ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យធំបំផុតមួយនៅកម្ពុជា ដើម្បីសម្រួលដល់ការទូទាត់ប្រាក់ ឱ្យបានកាន់តែលឿន និងងាយស្រួលជូនអតិថិជន។

តាមរយៈកិច្ចព្រមព្រៀងនៃភាពជាដៃគូនេះ អតិថិជនអាចរីករាយជាមួយនឹងការបង់ប្រាក់ទិញលំនៅដ្ឋានដោយផ្ទាល់ជាមួយបុរី ជា រី នៅគ្រប់ទីកន្លែងនិងគ្រប់ពេលវេលា តាមរយៈកម្មវិធីស្ថាបនា ម៉ូបាល ដោយឥតគិតថ្លៃ ឬតាមបណ្តាសាខាធនាគារស្ថាបនាទូទាំងប្រទេស។

លោក Fung Kai Jin ប្រធាននាយកប្រតិបត្តិធនាគារ ស្ថាបនា បានឱ្យដឹងថា ធនាគារ មានគោលបំណងផ្តល់ភាពងាយស្រួល ក្នុងការធ្វើប្រតិបត្តិការសេវាធនាគារ ប្រចាំថ្ងៃជូនដល់អតិថិជន និងប្រជាជនកម្ពុជា។ ជាមួយនឹងកិច្ចសហការនេះ អតិថិជននឹងទទួលបានអត្ថប្រយោជន៍ និងការសេវាទូទាត់ប្រាក់ទៅកាន់បុរី ជា រី ប្រកបដោយភាពងាយស្រួល និងសាមញ្ញតាមរយៈស្ថាបនា ម៉ូបាល។

លោកបានបន្ថែមទៀតថា លើសពីនេះទៅទៀត ធនាគារ ស្ថាបនា ក៏បានចុះកិច្ចព្រមព្រៀងភាពជាដៃគូ ដើម្បីផ្តល់កម្ចីទិញផ្ទះពិសេសជូនដល់អតិថិជនរបស់បុរី ជា រី។ នៅក្នុងកិច្ចព្រមព្រៀងនេះធនាគារ ផ្ដល់កម្មវិធីកម្ចីដែលមានភាពបត់បែនដល់អតិថិជន បុរី ជា រី សម្រាប់គម្រោង The Green Ville និង The Green Ville Premium ក្នុងអត្រាការប្រាក់ពិសេសត្រឹមតែ ០.៥៨% ក្នុងមួយខែ ក្នុងរយៈពេល ២ឆ្នាំដំបូង ជាមួយនឹងរយៈពេលសងត្រលប់វែងជាងមុន ចំនួនទឹកប្រាក់កម្ចីច្រើនជាងមុន និងការអនុម័តកម្ចីឆាប់រហ័ស។

លោក ឡាយ បញ្ញារិទ្ធ នាយកប្រតិបត្តិ បុរី ជា រី បានឱ្យដឹងដែរថា គុណតម្លៃស្នូលរបស់បុរី ជា រី គឺធានាថាអតិថិជនអាចទិញផ្ទះក្នុងក្តីស្រមៃ ជាមួយនឹងការរស់នៅ ប្រកបដោយភាព សុខដុមរមនាជាមួយក្រុមគ្រួសាររបស់ពួកគាត់ និងកាន់តែមានសុភមង្គលទ្វេរឡើង។ កិច្ចព្រមព្រៀងនេះគឺជាការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការជួយ អតិថិជនរបស់បុរី ជា រី ទទួលបានប្រាក់កម្ចីទិញផ្ទះ និងដំណើរការអនុម័តកម្ចីលឿនជាងមុនជាមួយនឹងគម្រោងទូទាត់ពិសេសនេះ។

លោក ឡាយ បញ្ញារិទ្ធ បានបន្ថែមថា កិច្ចសហការរវាងភាគីទាំងពីរនេះនឹងជួយដល់ បុរី ជា រី ទាក់ទាញអតិថិជនទិញផ្ទះបានកាន់តែច្រើនពីក្រុមហ៊ុន ជាមួយនឹងលក្ខខណ្ឌ កម្ចីទិញផ្ទះល្អប្រសើរ និងការទូទាត់ប្រាក់ប្រកបដោយសុវត្ថិភាព រហ័ស និងងាយស្រួលជាងមុនពីធនាគារ ស្ថាបនា។

សូមបញ្ជាក់ថា ធនាគារ ស្ថាបនា គឺជាធនាគារពាណិជ្ជឈានមុខគេមួយនៅកម្ពុជា ដែលមានទ្រព្យសកម្មសរុបជាង ២.៤ ពាន់លានដុល្លារអាមេរិក និងមានបុគ្គលិកជាង ៤.០០០នាក់។ មានបណ្តាញសាខាយ៉ាងទូលំទូលាយនៅទូទាំងប្រទេសដែលមានសាខាជាង ១៧០សាខា ស្ថាបនាព្រីមារណ៍ចំនួន៣ និងម៉ាស៊ីនអេធីអឹមជាង ២៥០។ ផ្តល់ជូនសេវាធនាគារយ៉ាងពេញលេញដូចជា៖ សេវាឥណទាន សេវាដាក់ប្រាក់បញ្ញើ សេវាiBanking ធនាគារចល័ត ប័ណ្ណឥណពន្ធ និងប័ណ្ណឥណទាន សេវាផ្ទេរប្រាក់ក្នុងស្រុក និងក្រៅប្រទេស សេវាផ្ទេរប្រាក់ឆ្លងប្រទេសងជាមួយ SWIFT និងសេវា Visa B2B Connect Western Union ហិរញ្ញប្បទានពាណិជ្ជកម្ម និងសេវាហិរញ្ញវត្ថុផ្សេងទៀត។

ក្រៅពីនេះធនាគារ ស្ថាបនា ក៏មានផ្តល់ជូនសេវាប្រមូលពន្ធ និងសេវាទូទាត់ថ្លៃសេវាសាធារណៈជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ទន្ទឹមនឹងនេះ យើងក៏មានការសហការជាមួយក្រុមហ៊ុនផ្តល់សេវាទូទាត់ចល័តផ្សេងទៀតដូចជា៖ វីង ផាយផេ ទ្រូម៉ាន់នី លី ហួរ វេលុយ អ៊ីម៉ាន់នី និងបាគង ដើម្បីផ្តល់ជូនភាពងាយស្រួលបន្ថែមទៀតដល់អតិថិជន។

ថ្មីៗនេះធនាគារ ស្ថាបនា ទើបតែទទួលបានពានរង្វាន់ Best Mobile Banking App ឆ្នាំ២០២២ និង Mobile Banking & Payment Initiative of the Year ពីទស្សនាវដ្ដី Global Brands Magazine របស់ប្រទេសអង់គ្លេស និង Asian Banking & Finance Retail Banking Awards សម្រាប់កម្មវិធីស្ថាបនា ម៉ូបាល រចនាបទថ្មី ដែលផ្ដល់នូវ សេវាកម្មរហ័ស ងាយស្រួល និងសុវត្ថិភាពជាងមុនជូនដល់អតិថិជន។ ពានរង្វាន់ទាំងពីរនេះគឺជាសក្ខីភាពបង្ហាញពីកិច្ចខិតខំប្រឹងប្រែង និងការប្ដេជ្ញាចិត្ត ដើម្បីបម្រើអតិថិជន ឱ្យបានកាន់តែល្អប្រសើរ៕