(ភ្នំពេញ)៖ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយក្រុមហ៊ុនធំៗ ចំនួន៨ នឹងផ្តល់ឱកាសការងារជិត ១១៤៩កន្លែង ក្នុងវេទិកាការងារ របស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) សម្រាប់សិស្ស/និស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើ។

ចំពោះសិស្ស/និស្សិត និងអ្នកកំពុងតែស្វែងរកការងារធ្វើ ឬចង់ផ្លាស់ប្តូរការងារអាចយកប្រវត្តិរូបសង្ខេប (CV) ដើម្បីចូលរួមដាក់ពាក្យ និងសម្ភាសផ្ទាល់ជាមួយ អ្នកតំណាងក្រុមហ៊ុនទាំងនោះបានចាប់ពីម៉ោង ៨៖០០ព្រឹក ដល់ម៉ោង ០៥៖០០ល្ងាច នៅក្នុងបរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២។

លោក ឆោម សុឃឿន ប្រធានមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ បានលើកឡើងថា NEA បានរួមចំណែកជួយដល់និយោជកដែលកំពុងមានតម្រូវការជ្រើសរើសបុគ្គលិកឲ្យបានជួបអ្នកដែលកំពុង ស្វែងរកការងារធ្វើជាច្រើនមកហើយ។

លោកបានបន្ថែមទៀតថា កម្មវិធីនេះបានផ្ដល់ឱកាសដល់សាធារណជន ក៏ដូចជាដល់យុវជនដែលចង់ស្វែងរកការងារធ្វើ តាមរយៈស្ថាប័នរដ្ឋ ដោយមិនពិបាកដើរស្វែងរកការងារ ចំណាយពេលធ្វើដំណើរទៅដាក់ CV នៅតាមបណ្តាក្រុមហ៊ុននោះទេ ចំពោះអ្នកដែលមានការងារធ្វើហើយ ចង់ផ្លាស់ប្ដូរការងារ ក៏អាចចូលរួមបានផងដែរ។ លោកជឿជាក់ថា នឹងមានអ្នកមកដាក់ពាក្យរកការងារច្រើន ព្រោះមានក្រុមហ៊ុនធំៗដល់ទៅ៨ក្រុមហ៊ុន ហើយមុខដំណែងក៏មានច្រើនទៀត។

សូមជម្រាបថា ក្រុមហ៊ុនធំទាំង៨ ដែលនឹងចូលរួមជ្រើសរើសបុគ្គលិកក្នុងវេទិកាការងាររបស់ NEA នោះរួមមាន៖ ក្រុមហ៊ុន CHIP MONG GROUP, Maxima Microfinance, SOKIMEX, WOW NOW, NAGAWORLD, Bon Chon, ធនាគារ ហត្ថា, MJQ Mengly J, Quach Education និងក្រុមហ៊ុន Dynamic។

វេទិកាការងារនេះ ក៏នឹងត្រូវបានអនុវត្តយ៉ាងម៉ត់ចត់នូវវិធានការបង្ការអនាម័យ ស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល «៣ការពារ ៣កុំ» ដើម្បីទប់ស្កាត់ការឆ្លង និងរីករាលនៃជំងឺកូវីដ-១៩ ដើម្បីអាចធានាបាននូវសុវត្ថិភាព និងទំនុកចិត្តក្នុងការជ្រើសរើសកម្លាំងពលកម្ម និងទទួលបានឱកាសការងារ សម្រាប់ភាគីនិយោជក និងអ្នកស្វែងរកការងារ។

ដើម្បីទទួលព័ត៌មានបន្ថែម សូមទាក់ទងមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញនៃទីភ្នាក់ងារជាតិមុខរបរ និងការងារ តាមរយៈលេខទូរស័ព្ទ ០១៦ ៧៨៦ ៦៥៥ ឬគេហទំព័រ www.nea.gov.kh និងទំព័រ facebook neakhmer (អិនអ៊ីអេ ខ្មែរ) ៕