(បរទេស)៖ ថ្មីៗនេះប្រភពពី Ice Universe បានអះអាងថា ស្មាតហ្វូនជំនាន់បន្ទាប់របស់ Xiaomi ម៉ូដែលអេក្រង់បត់ Xiaomi Mix Fold 2 នឹងត្រូវបានប្រកាសចេញនៅថ្ងៃទី១១ ខែសីហា ខាងមុខនេះ។ ខណៈដែលព័ត៌មាននេះធ្លាប់បាន Weibo បង្ហើបប្រាប់ពីពេលវេលាត្រឹមត្រូវរួចទៅហើយ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២២។

ប្រភពដដែលក៏បានបញ្ជាក់ដែរថា នៅក្នុងថ្ងៃប្រកាសចេញស្មាតហ្វូនអេក្រង់បត់ Mix Fold 2 នោះក្រុមហ៊ុន Xiaomi ក៏គ្រោងនឹងប្រកាសចេញកាស Bluetooth Buds 4 Pro TWS រួមជាមួយនឹងថេប្លេត Pad 5 Pro ទំហំ ១២.៤អ៊ីញ មកជាមួយគ្នាផងដែរ។ យ៉ាងណាមិញព្រឹត្តិការណ៍នោះនឹងធ្វើឡើងនៅថ្ងៃទី១១ ខែសីហា ខាងមុខនេះ ចាប់ពីម៉ោង ៧:០០ល្ងាច ម៉ោងនៅក្នុងប្រទេសចិន ដែលត្រូវនឹងម៉ោង ៦:០០ល្ងាចម៉ោងក្នុងប្រទេសខ្មែរ ខណៈដែលព្រឹត្តិការណ៍នោះនឹងនៅតែធ្វើតាមអនឡាញដូចរាល់ដងអ៊ីចឹង។

គួរបញ្ជាក់ដែរថា Xiaomi មិនទាន់បានបញ្ជាក់លម្អិតពីតារាងលក្ខណៈសម្បត្តិរបស់ផលិតផលទាំងនេះនៅឡើយទេ ស្របពេលដែលព្រឹត្តិការណ៍នោះនៅសល់រយៈពេលតែ ២ថ្ងៃទៀតប៉ុណ្ណោះក្នុងការប្រកាសចេញ ដូច្នេះមានតែរង់ចាំការប្រកាសបង្ហាញជាផ្លូវការប៉ុណ្ណោះ៕