(លីវើភូល)៖ ក្លិប Everton បានចុះហត្ថលេខានាំយកខ្សែបម្រើអន្តរជាតិបែលហ្ស៊ិក Amadou Onana មកពីក្លិប Lille ដែលលេងនៅលីគកំពូលបារាំង Ligue 1 លើកិច្ចសន្យារយៈពេល ៥ឆ្នាំ។ នេះបើតាមក្លិបលេងនៅលីគកំពូលអង់គ្លេស Premier League ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃទី!១០ ខែសីហា ឆ្នាំ២០២២។

Everton មិនបានផ្តល់ព័ត៌មានលម្អិតនោះទេ ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយអង់គ្លេស បានរាយការណ៍ថា កីឡាករវ័យ ២០ឆ្នាំ ដែលជាប់លេង ១លើកឲ្យក្រុមជម្រើសជាតិរូបនេះ មានតម្លៃផ្ទេរ ៣០លានអឺរ៉ូ (៣០.៦៨លានដុល្លារ)។

លោកបានចូលរួមជាមួយក្លិប Lille កាលពីរដូវក្តៅឆ្នាំមុន និងបានលេងជាង ៤០ប្រកួត សម្រាប់ក្លិបនៅគ្រប់ការប្រកួតទាំងអស់។

Onana គឺជាកីឡាករទី៥ ដែលបានចុះកិច្ចសន្យាជាមួយ Everton ក្នុងរដូវកាលដោះដូរកីឡាករនេះ បន្ទាប់ពីការទៅដល់របស់ខ្សែការពារ James Tarkowski និង Ruben Vinagre, ខ្សែប្រយុទ្ធ Dwight McNeil និងខ្សែការពារកណ្តាល Conor Coady។

Everton បានចាប់ផ្តើមយុទ្ធនាការថ្មីនៃលីគ Premier League ជាមួយនឹងលទ្ធផលចាញ់ ១-០ ក្រោមថ្វីជើងក្រុម Chelsea ហើយនឹងធ្វើដំណើរទៅជួបក្រុម Aston Villa នៅថ្ងៃសៅរ៍សប្តាហ៍នេះ៕