(ខូភេនហេហ្គេន)៖ ក្លិបដាណឺម៉ាក FC Copenhagen បានចុះហត្ថលេខា ជាមួយអ្នកចាំទីសញ្ជាតិអូស្ត្រាលី Mat Ryan មកពីក្លិប Real Sociedad លើកិច្ចសន្យារយៈពេល ២ឆ្នាំ។ នេះបើតាមការប្រកាសពីក្លិបម្ចាស់ពានរង្វាន់ជើងឯក Danish Superliga ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២។

កីឡាករមានវ័យ ៣០ឆ្នាំដែលធ្លាប់លេងឲ្យក្លិប Club Brugge, Valencia, Genk, Brighton & Hove Albion និងក្លិប Arsenal មុនពេលផ្លាស់ទៅកាន់ក្លិប Sociedad រូបនេះ ចង់មានពេលវេលាលេងឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន មុនការប្រកួតក្នុងព្រឹត្តិការណ៍ World Cup នៅកាតា ដែលនឹងចាប់ផ្តើមនៅខែវិច្ឆិកាខាងមុខ។

ប្រធានក្រុមជម្រើសជាតិអូស្ត្រាលី Ryan ធ្លាប់បានជាប់ ៧៣លើកលេងឲ្យក្រុមជម្រើសជាតិកង់ហ្គូរូអូស្រ្តាលី។

Ryan បានបង្ហាញខ្លួនតែ ៩ប្រកួតប៉ុណ្ណោះនៅក្នុងការប្រកួតទាំងអស់ កាលពីរដូវកាលមុន ហើយគ្រោងនឹងជំនួសអ្នកចាំទីជម្រើសដំបូង Kamil Grabara របស់ក្លិប Copenhagen ដែលបច្ចុប្បន្ន កំពុងអវត្តមានពីការប្រកួត ដោយសារបញ្ហារបួស។

Copenhagen បានឈ្នះពានរង្វាន់ជើងឯក Superliga លើកទី១៤របស់ពួកគេកាលពីរដូវកាលមុន៕