(កូរ៉េ)៖ តារាចម្រៀងនារីដ៏ល្បីរបស់កូរ៉េខាងត្បូង IU នឹងមានព្រឹត្តិការណ៍ប្រគំតន្ត្រីជាលើកដំបូងរបស់ខ្លួន ក្នុងរយៈពេល៣ឆ្នាំមកនេះ ខណៈកម្មវិធីនេះទៀតសោត នឹងចូលមកដល់នាពេលឆាប់ៗខាងមុខ។ យ៉ាងណាមិញ នៅពេលនេះ ផលិត EDAM បានរៀបចំវិធានការដ៏តឹងរឹងប្រឆាំងនឹងការលក់សំបុត្រខុសច្បាប់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Koreaboo នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២។

EDAM Entertainment បានប្រកាសពីគោលការណ៍របស់ខ្លួន ទាក់ទងនឹងការទិញសំបុត្រ តាមរយៈគណនី Twitter របស់ IU ដែលរួមបញ្ចូលគំរូអ៊ីមែល សម្រាប់ការរាយការណ៍អំពីប្រតិបត្តិការសំបុត្រក្លែងបន្លំ។ ប្រតិបត្តិការទិញសំបុត្រ ត្រូវបានចាត់ទុកថាជាការក្លែងបន្លំ ប្រសិនបើសំបុត្រនោះ គឺបានទិញតាមរយៈបណ្តាញផ្សេងទៀត ក្រៅពីអ្នកលក់រាយផ្លូវការ ដូចជាការទិញនៅលើគេហទំព័រជួញដូរសំបុត្របុព្វលាភ និង SNS ផ្ទាល់ខ្លួនរបស់ជនណាម្នាក់ជាដើម។

បន្ថែមពីលើនេះទៀត ប្រសិនបើអ្នកទិញសំបុត្រក្លែងបន្លំ ត្រូវបានរកឃើញថាជាសមាជិកនៃក្រុមអ្នកគាំទ្ររបស់ IU នោះ EDAM Entertainment នឹងដកអ្នកទិញនោះចេញពីបញ្ជី ហើយដាក់ក្នុងបញ្ជីខ្មៅជាអចិន្ត្រៃយ៍ពីសមាជិកភាពអ្នកគាំទ្រ ដោយមិនអនុញ្ញាតិឲ្យចូលទស្សនាការសម្តែងរបស់ IU នាពេលអនាគតបានទៀតឡើយ។

គួរជម្រាបថា ការប្រគំតន្ត្រីទោលរបស់ IU ឈ្មោះថា «The Golden Hour : Under the Orange Sun» នឹងធ្វើឡើងនៅថ្ងៃទី១៧ និង១៨ ខែកញ្ញា នៅពហុកីឡដ្ឋាន Olympic ក្នុងទីក្រុង Seoul។ ការប្រគំតន្ត្រីនេះ ស្របគ្នានឹងកាលបរិច្ឆេទដំបូងរបស់ IU នៅថ្ងៃទី១៨ ខែកញ្ញា៕