(ក្រុងឡុងដ៍)៖ នៅទីបំផុតកីឡាករប្រយុទ្ធ Timo Werner របស់តោខៀវ Chelsea បានសម្រេចផ្ទេរចេញទៅចូលរួមជាមួយក្លិបចាស់របស់គេ RB Leigzig វិញហើយក្នុងតម្លៃខ្លួនប្រមាណ ២៥លានផោន ដ្បិតនៅសល់កិច្ចសន្យា ៣ឆ្នាំទៀតនៅកីឡដ្ឋាន Stamford Bridge។

នៅចាំបានថា កីឡាករអន្តរជាតិអាល្លឺម៉ង់ វ័យ ២៦ឆ្នាំខាងលើនេះ បានចាកចេញពីក្របខណ្ឌកំពូល Bundesliga នាឆ្នាំ២០២០ ក្នុងតម្លៃទិញផ្តាច់កិច្ចសន្យា ៤៧.៥លានផោនពី Leipzig។

តែយ៉ាងណា Werner បានជួបភាពត្រដាបត្រដួសក្នុងការសម្របខ្លួនលេងឲ្យក្លិបនៅភាគខាងលិចទីក្រុង London មួយនេះណាស់ ដោយរកបានតែ ១០គ្រាប់ពីការចូលលេងសរុបបាន ៥៦ប្រកួតប៉ុណ្ណោះ គ្រាដែលកីឡាករចេញពីថ្នាលយុវជនក្លិប Stuttgart ក៏បានអវត្តមានពេល Chelsea យកឈ្នះម្ចាស់ផ្ទះ Everton នៅថ្ងៃបើកឆាក Premier League នារាត្រីថ្ងៃសៅរ៍។

ក្នុងការវិលទៅទ្រនំចេញវិញនេះ Timo Werner បានព្រមព្រៀងចុះកិច្ចសន្យារយៈពេល ៤ឆ្នាំជាមួយ RB Leipzig ដែលជាម្ចាស់ជើងឯកពាន DFB-Pokal នារដូវកាលមុន។

Werner បានសរសេរនៅលើបណ្តាញសង្គមលាអ្នកគាំទ្រថា «ថ្ងៃនេះបេសកកម្មរបស់ខ្ញុំជាមួយ Chelsea ត្រូវបានបញ្ចប់ហើយ»