(អាមេរិក)៖ រាសីរបស់តារាហូលីវូដល្បីឈ្មោះ Johnny Depp ហាក់ឡើងខ្ពស់ ក្រោយបញ្ចប់រឿងក្តីជាមួយអតីតភិរយា ត្បិតថាថ្មីៗនេះ លោកហាក់កាន់តែមានប្រជាប្រិយភាព និងទទួលការងារថ្មីជាបន្តបន្ទាប់។ Depp ត្រូវបានគេរាយការណ៍ថា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ក្នុងតម្លៃទឹកប្រាក់ដ៏ច្រើន ជាមួយនឹងម៉ាកប្រណីត Dior បន្ទាប់ពីការឈ្នះការតតាំងតាមផ្លូវច្បាប់ ជាមួយអតីតភរិយា Amber Heard។ នេះបើតាមការចេញផ្សាយ របស់សារព័ត៌មាន International The News នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២។

បើតាមប្រភពដែលបានដឹងពីកិច្ចព្រមព្រៀងនេះ បានប្រាប់គេហទំព័រ TMZ ថា តារាហូលីវូដ Johnny Depp ទើបតែបានចុះកុងត្រាជាមួយម៉ាកទឹកអប់ Sauvage របស់ Dior ដើម្បីតំណាងឲ្យទឹកអប់ក្លិនបុរសបែបថ្មីមួយ។ វាត្រូវបានគេគិតថា ជាកិច្ចព្រមព្រៀងរយៈពេលច្រើនឆ្នាំ ដែលត្រូវបានធ្វើឡើងជាផ្លូវការ បន្ទាប់ពីអ្នកថតរូបម៉ូដ Greg Williams បានចូលរួមក្នុងការប្រគំតន្ត្រីរ៉ុកមួយរបស់ Depp និងបានត្រឡប់មកទីក្រុងប៉ារីសវិញ ដើម្បីបង្ហាញពីការគាំទ្ររបស់លោក ខណៈ Depp និង Williams បានថតរូបជាមួយគ្នាផងដែរ។

គួរជម្រាបថា Depp បានចុះហត្ថលេខាជាលើកដំបូង ជាមួយនឹងម៉ាកនេះនៅក្នុង ២០១៥ ហើយវានឹងគួរឲ្យភ្ញាក់ផ្អើល ប្រសិនបើអ្នកមិនបានឃើញតារារូបនេះ នៅក្នុងការផ្សាយពាណិជ្ជកម្មតាមទូរទស្សន៍ ឬផ្ទាំងរូបភាព សម្រាប់ក្លិនទឹកអប់ក្រអូបតាំងពីពេលនោះមក៕