(ភ្នំពេញ)៖ ក្រោយពីការប្រកួតជុំសកល វគ្គផ្តាច់ព្រ័ត្រ ត្រូវបានធ្វើឡើងនៅទីក្រុងឡុងដ៍ នៃប្រទេសអង់គ្លេស អស់រយៈពេល៨ថ្ងៃកន្លងមក គឺចាប់ពីថ្ងៃអាទិត្យ ទី៣១ ខែកក្កដា រហូតដល់ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២២ ដែលមានសិស្សានុសិស្សមកពីបណ្តាប្រទេសចំនួន ៥០ផ្សេងគ្នា ជាលទ្ធផលសិស្សានុសិស្ស ចំនួន ៥រូប មកពីសាលាអន្តរជាតិ វើលដ៍ កម្ពុជា (WISC) សាខាទួលគោក ទទួលបានជ័យលាភី នៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស ក្នុងកម្មវិធីប្រកួតប្រជែងភាសាអង់គ្លេស អន្តរជាតិ Teeneagle។

លោកស្រី សាយ សោភា ស្ថាបនិក និងអគ្គនាយិកាសាលា បានឲ្យដឹងថា ការប្រកួតប្រជែងជុំសកល នៅវគ្គផ្តាច់ព្រ័ត្រនោះ សិស្សានុសិស្សត្រូវឆ្លងកាត់លើវិញ្ញាសាលំបាកៗ ជាច្រើន តែសិស្សានុសិស្ស របស់សាលាអន្តរជាតិ វើលដ៍ កម្ពុជា (WISC) អាចធ្វើបានដោយភាពជឿជាក់ ហើយប្អូនៗ ពិតជាមានចំណេះដឹង ប្រកបដោយសមត្ថភាពខ្ពស់ ទេពកោសល្យ មានការអំណត់ព្យាយាម និងការប្តេជ្ញាចិត្តខ្ពស់ រហូតទទួលបានសមិទ្ធិផលគួរជាទីគាប់ចិត្ត។

សិស្សានុសិស្សទាំង៥រូបនោះ រួមមាន៖ ហេង ម៉េងហុង អាយុ ១១ឆ្នាំ ទទួលបានមេដាយមាស, ពេជ្រ វីរៈបុត្រ អាយុ ១៣ឆ្នាំ ទទួលបានមេដាយប្រាក់, សូ នីកូល អាយុ ១៤ឆ្នាំ ទទួលបានមេដាយសំរឹទ្ធ, កែប បញ្ញាទេពី អាយុ ១៥ឆ្នាំ ទទួលបានមេដាយសំរឹទ្ធ និង ឡាច ឆននីនាថ អាយុ ១៤ឆ្នាំ ទទួលបានរង្វាន់លិខិតបញ្ជាក់ការចូលរួម។

លោកស្រី សាយ សោភា បន្តថា «ក្នុងនាមខ្ញុំជាស្ថាបនិក និងអគ្គនាយិកាសាលា សូមសម្តែងការកោតសរសើរដល់ប្អូនៗទាំងប្រាំងរូបតំណាងឲ្យសាលាអន្តរជាតិ វើលដ៍ កម្ពុជា (WISC) ក៏ដូចតំណាងឲ្យប្រទេសកម្ពុជា ដែលបានខិតខំប្រឹងប្រែងរហូតទទួលបានជ័យលាភី មេដាយមាសចំនួន១ មេដាយប្រាក់១ មេដាយសំរឹទ្ធ២ និងពានរង្វាន់បញ្ជាក់ការចូលរួម១។ តាមរយៈសមិទ្ធិផលទាំងនេះបានបង្ហាញទៅកាន់សកលលោកទាំងមូលថា ខ្មែរអាចធ្វើបាន ខ្មែរមានក៏សមត្ថភាពបណ្តុះបណ្តាលធនធានល្អៗបានផងដែរ»។

បើតាមលោកស្រី សាយ សោភា សមិទ្ធិផលដ៏ល្អក្រៃលែងនេះ កើតចេញពីការខិតខំប្រឹងប្រែងរបស់នាយកសាលា នាយកកម្មវិធីសិក្សា គណៈគ្រប់គ្រងគ្រប់លំដាប់ថ្នាក់ លោកគ្រូ អ្នកគ្រូ បុគ្គលិកទាំងអស់ ជាពិសេសមាតាបិតា និងអ្នកអាណាព្យាបាលសិស្ស ដែលបានខិតខំជម្រុញ សហការ និងបន្តគាំទ្រជាមួយចក្ខុវិស័យ និងបេសកកម្មរបស់សាលា ក៏ដូចជាលើកទឹកចិត្តដល់ប្អូនៗ សិស្សានុសិស្សរបស់យើង ដែលធ្វើឱ្យពួកគេឆ្ពោះទៅសម្រេចគោលដៅក្នុងជីវិតដែលល្អបំផុត៕