(បរទេស)៖ ថ្មីៗនេះទទួលបានដំណឹងថា រដ្ឋាភិបាលឥណ្ឌាកំពុងតែព្យាយាមដាក់កំហិតទៅក្រុមហ៊ុនផលិតស្មាតហ្វូនប្រទេសចិនពីការលក់ស្មាតហ្វូនដែលមានតម្លៃក្រោម ១៥០ដុល្លារនៅក្នុងប្រទេសឥណ្ឌា។ ខណៈការផ្លាស់ប្តូរនេះត្រូវបានគេមើលឃើញប្រទេសឥណ្ឌាមានបំណងរុញច្រានស្មាតហ្វូនតម្លៃទាបប្រទេសចិន ដើម្បីលើកស្ទួយក្រុមហ៊ុនផលិតស្មាតហ្វូនក្នុងស្រុករបស់ខ្លួនជំនួសវិញ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២។

យោងតាមខ្លឹមសារដែលបានចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Bloomberg បានឱ្យដឹងថា ការផ្លាស់ប្តូរនេះនឹងប៉ះពាល់ជាខ្លំាងដល់ក្រុមហ៊ុនផលិតស្មាតហ្វូនប្រទេសចិនរួមមាន Xiaomi, Realme និង Transsion ដែលស្មាតហ្វូនរបស់ពួកគេភាគច្រើនគឺមានតម្លៃក្រោម ១៥០ដុល្លារនៅក្នុងទីផ្សារប្រទេសឥណ្ឌា។ យ៉ាងណាមិញបើតាមរបាយការណ៍ពី Counterpoint បង្ហាញថា ស្មាតហ្វូនដែលស្ថិតនៅក្នុងតម្លៃនេះបានរួមចំណែកដល់ទៅ ១ ភាគ ៣នៃបរិមាណលក់របស់ប្រទសឥណ្ឌាសម្រាប់ត្រីមាសទី២ នៃឆ្នាំ២០២២ កន្លងទៅនេះ ដែលភាគច្រើនបានមកពីម៉ាកយីហោរបស់ចិនដែលមានរហូតដល់ទៅ ៨០ភាគរយនៃការដាក់លក់ ដែលធ្វើឱ្យប្រទេសនេះទទួលបានការកើនឡើងទីផ្សារស្មាតហ្វូនជាខ្លាំង។

ដោយឡែកចំពោះគំនិតដែលនៅពីក្រោយការហាមប្រាមម៉ាកយីហោចិនពីការលក់ស្មាតហ្វូនដែលមានតម្លៃទាបនោះ ត្រូវបានគេអះអាងថារដ្ឋាភិបាលឥណ្ឌាកំពុងតែព្យាយាមជំរុញឱ្យក្រុមហ៊ុនផលិតស្មាតហ្វូនដែលមានដើមកំណើតក្នុងប្រទេសខ្លួនគឺ Lava និង Micromax បង្កើនការលក់របស់ពួកគេក្នុងតម្លៃនេះដើម្បីទាញយកចំណែកទីផ្សារមកវិញ។ ខណៈដែលការលក់សរុបរបស់ក្រុមហ៊ុនទាំងពីនេះមានមិនដល់ ៥០ភាគរយនៃការលក់ស្មាតហ្វូនរបស់ប្រទេសឥណ្ឌាផង មុនពេលពួកគេត្រូវបានកាត់បន្ថយដោយម៉ាកយីហោរបស់ចិនដែលបានផ្តល់នូវលក្ខណៈពិសេសកាន់ច្រើនដែលស្ថិតក្នុងតម្លៃទាប ហើយទីបំផុតបានធ្វើឱ្យស្មាតហ្វូនប្រទេសចិនកាន់កាប់ទីផ្សារធំជាងគេទី២ នៅលើពិភពលោក។

បើយោងតាមប្រភពពី Counterpoint ដដែលបានបញ្ជាក់ថា ក្រុមហ៊ុន Xiaomi, Samsung, vivo, Realme និង Oppo គឺជាម៉ាកយីហោស្មាតហ្វូនកំពូលទាំង ៥ដែលលេចធ្លោជាងគេនៅក្នុងប្រទេសឥណ្ឌារហូតដល់ត្រីមាសទី២ ឆ្នាំ២០២២ ដោយក្នុងនោះមានតែ Samsung តែមួយគត់ដែលមិនមែនជាក្រុមហ៊ុនរបស់ប្រទេសចិន៕