(ម៉ាឌ្រីដ)៖ ក្រុមអធិរាជស Real Madrid បានគ្រងតំណែងជើងឯកពានបើករដូវកាលប្រចាំទ្វីបអឺរ៉ុប UEFA Super Cup 2022 ក្រោយពេលយកឈ្នះក្រុមអាល្លឺម៉ង់ Eintracht Frankfurt ក្នុងលទ្ធផល ២ទល់នឹង០ នារាត្រីឆ្លងចូលថ្ងៃព្រហស្បតិ៍ ទី១១ ខែសីហា (ម៉ោងនៅកម្ពុជា)។
Real Madrid ដែលបានយកឈ្នះ Liverpool ១ទល់នឹង០ ដើម្បីគ្រងជើងឯកពានអឺរ៉ុប UEFA Champions League នារដូវកាលមុននោះ បានបើកការនាំមុខគ្រាប់ទី១ នៅនាទី៣៧ ដោយកីឡាករខ្សែការពារសញ្ជាតិអូទ្រីស David Alaba នៅពីមុខអ្នកទស្សនាផ្ទាល់ចំនួន ៣១០៤២នាក់ ក្នុងកីឡដ្ឋាន Oympiastadion ស្ថិតក្នុងទីក្រុង Berlin ប្រទេសអាល្លឺម៉ង់ នៅមុនពេលខ្សែប្រយុទ្ធឆ្នើម Karim Benzema ធ្វើបានសម្រេចគ្រាប់ទី២ នៅនាទី៦៥។
កីឡាករអន្តរជាតិបារាំង Benzema កាន់តែខិតជិតផងដែរក្នុងការឈ្នះពានឯកត្តជន Ballon d’Or 2022 នៅពេលរូបគេស៊ុតបាន ៣២៤គ្រាប់ឲ្យក្រុមជើងឯកអឺរ៉ុប Real Madrid ក្នុងចំណោម ៦១០ប្រកួត តាមពីក្រោយ Cristiano Ronaldo ដែលរកបាន ៤៥០គ្រាប់។
ក្រុមមកពីលីគ Bundesliga របស់អាល្លឺម៉ង់ Frankfurt ក៏ព្យាយាមធ្វើឲ្យបានល្អបំផុតផងដែរនៅ Super Cup ដ្បិតត្រូវប៉ះក្រុមខ្លាំង Real Madrid នៅពេលកីឡាករ Daichi Kamada មានឱកាស តែត្រូវបានខ្សែការពារពេញជើង Real តាមបិទជាប់ ក្នុងនាមពួកគេជាក្រុមជើងឯកពានទី២ អឺរ៉ុប UEFA Europa League នារដូវកាលមុន ដែលបានយកឈ្នះ Rangers របស់ស្កុតឡេន៕