(អេមស្ទឺដាម)៖ គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិហូឡង់ ផ្នែកនារី Mark Parsons នឹងលាឈប់ពីតួនាទីរបស់លោក ដោយមានការព្រមព្រៀងទ្វេភាគី បន្ទាប់ពីការបរាជ័យរបស់ក្រុម ក្នុងការការពារពានរង្វាន់ European Championship ផ្នែកនារីរបស់ពួកគេ ក្នុងឆ្នាំនេះ។ នេះបើតាមសមាគមបាល់ទាត់ហូឡង់ (KNVB) បានប្រកាស ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២។

ហូឡង់ បានបញ្ចប់ក្នុងចំណាត់ថ្នាក់ទី២ ក្នុងពូល C ក្នុងការឈានទៅវគ្គបន្ត នៃការប្រកួតដែលធ្វើឡើងនៅអង់គ្លេស កាលពីខែមុន ប៉ុន្តែក្រុមរបស់លោក Parsons ត្រូវបានទម្លាក់ដោយក្រុមបារាំង ក្នុងវគ្គ ៨ក្រុមចុងក្រោយ បន្ទាប់ពីចាញ់ ១-០ នៅម៉ោងបន្ថែម។

ការចាញ់នេះមានន័យថា ពួកគេមិនអាចការពារពានរង្វាន់ ដែលពួកគេបានឈ្នះក្នុងឆ្នាំ២០១៧ ស្ថិតក្រោមការដឹកនាំរបស់អ្នកស្រី Sarina Wiegman បានទេ។

KNVB បានឲ្យដឹងថា ពួកគេមិនពេញចិត្តចំពោះទម្រង់លេង និងលទ្ធផលស្ថិតក្រោមការដឹកនាំរបស់លោក Parsons ដែលត្រូវបានតែងតាំងកាលពីខែឧសភា ឆ្នាំ២០២១ ហើយនឹងតែងតាំងគ្រូបង្វឹកបណ្តោះអាសន្នម្នាក់ សម្រាប់រយៈពេលខ្លី៕