(បរទេស)៖ ថ្មីៗនេះទទួលបានដំណឹងថា WhatsApp កំពុងតែជម្រុញឱ្យបុគ្គលិកធ្វើការទៅលើមុខងារថ្មីចំនួន ៣ដើម្បីបង្កើនភាពឯកជន និងកាត់បន្ថយហានិភ័យមួយចំនួនដែលអ្នកប្រើប្រាស់ធ្លាប់បានជួបកន្លងមក ខណៈមុខងារនោះនឹងត្រូវបានដាក់ឱ្យប្រើប្រាស់ក្នុងពេលឆាប់ៗខាងមុខនេះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២។

មុខងារទី១ ដែល WhatsApp គ្រោងដាក់ដំណើរការនោះគឺផ្តោតសំខាន់ទៅលើ មុខងារ «Leave Group» ដែលនឹងអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចចាកចេញពីគ្រុបណាមួយដែលមិនពេញចិត្តបានដោយមិនចាំបាច់ជូនដំណឹងដល់អ្នកដែលនៅក្នុងគ្រុបជាមួយគ្នានោះឡើយ។ ជាមួយនឹងមុខងារថ្មីនេះនឹងផ្តល់ការជូនដំណឹងសម្រាប់តែអ្នកគ្រប់គ្រងគ្រុប «Group Admins» តែប៉ុណ្ណោះដែលអាចមើលឃើញនៅពេលដែលមានសមាជិកណាម្នាក់ដែលចាកចេញ។

ចំណែកមុខងារទី២ នោះ WhatsApp បានចំណាយពេលជាយូរមកហើយដើម្បីធ្វើការទៅលើជម្រើសក្នុងការគ្រប់គ្រងអ្នកប្រើប្រាស់ «Control Your Online Presence» ដែលអ្នកចង់ឱ្យឃើញនៅពេលដែលអ្នក Online។ ជាស្តែងជម្រើសបច្ចុប្បន្នដែល WhatsApp មាននោះគឺ Everyone, My Contacts, My Contacts Expect និង Nobody ខណៈមុខងារថ្មីនេះ WhatsApp នឹងបន្ថែមជម្រើស Same as last seen ថ្មីបន្ថែមទៀត។

ចំណែកឯមុខងារចុងក្រោយនោះគឺជាការអាប់ដេតដ៏សំខាន់ទៅលើមុខងារ View Once ដែល WhatsApp នឹងមិនអនុញ្ញាតឱ្យអ្នកប្រើប្រាស់ធ្វើការ Screenshot ទៅលើរូបថត ឬវីដេអូដែលទទួលបានពីអ្នកប្រើប្រាស់ណាម្នាក់នោះទេ ដូច្នេះវាគឺជាមុខងារ Privacy នៅពេលដែលអ្នកធ្វើការ Screenshot នោះ WhatsApp នឹង Block ទៅលើ Screenshot តែម្តង។

គួរបញ្ជាក់ដែរថា សម្រាប់មុខងារទាំងពីរខាងលើរួមមាន មុខងារ Leave Group, Control Your Online Presence ទំនងជាដាក់ឱ្យប្រើប្រាស់សម្រាប់អ្នកប្រើប្រាស់ទាំងអស់នៅខែក្រោយនេះហើយ ចំណែកមុខងារ View Once គេមិនទាន់បញ្ជាក់ថានឹងដាក់ឱ្យប្រើប្រាស់នៅពេលណានោះទេ៕