(អាមេរិក)៖ តារាសម្តែងប្រុស Ben Affleck ដែលគេដឹងថា ទើបតែរៀបការជាមួយតារាចម្រៀងស្រី Jennifer Lopez នោះ ត្រូវបានរាយការណ៍មកថា បានដាក់លក់ផ្ទះរបស់ខ្លួន តម្លៃ៣០លានដុល្លារអាមេរិក ដើម្បីទៅរស់នៅក្នុងផ្ទះជួលមួយកន្លែង ក្នុងតំបន់ Beverly Hills ជាមួយភរិយា។ នេបើតាមការចេញផ្សាយរបស់សារព័ត៌មាន Daily Mail នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២។

តារាសម្ដែង Ben Affleck បានទិញផ្ទះក្នុងឆ្នាំ ២០១៨ ក្នុងតម្លៃជាង ១៩ លានដុល្លារ និងមានទំហំ ១២០០ ម៉ែត្រការ៉េបន្ទប់គេង៧ បន្ទប់ទឹក៩ ព្រមទាំងកន្លែងហាត់ប្រាណ និង អាងហែលទឹកខាងក្រៅដ៏ធំមួយផងដែរ។ លោក Ben Affleck បានចុះបញ្ជីផ្ទះរបស់ខ្លួននៅ Pacific Palisades រដ្ឋ Los Angeles កាលពីថ្ងៃទី ៩ ខែសីហា តាមរយៈឈ្មួញកណ្តាលអចលនទ្រព្យ។

ការ សម្រេច ចិត្តដាក់លក់ផ្ទះនៅពេលនេះ ត្រូវបានគេដឹងថា មានរយៈពេលមួយខែ បន្ទាប់ពីតារាសម្តែងតួអង្គ Batman វ័យ ៤៩ ឆ្នាំរូបនេះ បានរៀបការជាមួយភរិយាថ្មី អាយុ ៥៣ឆ្នាំ Jennifer Lopez នាពេលថ្មីៗនេះ។ បើតាមគេហទំព័រ TMZ បានរាយការណ៍ថា Lopez និង Affleck ដែលជាគូស្នេហ៍ថ្មីថ្មោងនេះ ទំនងជាជួលផ្ទះវីឡាប្រណិតមួយកន្លែង ដែលគ្រប់គ្រងដោយមហាសេដ្ឋីអូស្ត្រាលី James Packer ដែលជាអតីតគូដណ្តឹងរបស់ Mariah Carey៕