(បរទេស)៖ ពេលវេលាដែលអ្នកគាំទ្រទន្ទឹងរង់ចាំដ៏យូរពេលនេះបានមកដល់ហើយ ដោយព្រឹត្តិការណ៍ Samsung Galaxy Unpacked 2022 បានចាប់ផ្ដើមកាលពីយប់មិញនេះ ជាមួយនឹងការប្រកាសចេញជាផ្លូវការនូវម៉ូដែលស្មាតហ្វូនអេក្រង់បត់ជំនាន់ក្រោយបង្អស់របស់ខ្លួនគឺ Galaxy Z Fold4, Galaxy Z Fold4 រួមជាមួយនឹងឧបករណ៍ជំនាន់ក្រោយជាច្រើនទៀត។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNBC នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២។

យោងតាមរបាយការណ៍ដែលចេញផ្សាយយប់មិញនេះបានបញ្ជាក់ពីតម្លៃច្បាស់ហើយ ដោយក្រុមហ៊ុន Samsung បានកំណត់តម្លៃត្រកូល Galaxy Z Flip 4 នៅតម្លៃ ៩៩៩.៩៩ដុល្លារ ដែលមាន RAM ទំហំ 8GB និង Storage ទំហំ128GB។ ចំណែកឯត្រកូល Galaxy Z Fold 4 វិញនិងមកជាមួយនឹងអេក្រង់ធំទំហំ ៧.៦អ៊ីញ ដែលភ្ជាប់ជាមួយនឹងបណ្តាញ 5G ដែលមានតម្លៃចាប់ពី ១,៧៩៩.៩៩ដុល្លារ រួមជាមួយ RAM ទំហំ 12GB និង Storage ទំហំ 256GB ដែលជាតម្លៃដាក់លក់នៅសហរដ្ឋអាមេរិក។

គួរជម្រាបដែរថា ត្រកូលស្មាតហ្វូនអេក្រង់បត់ជំនាន់ក្រោយបំផុត Galaxy Z Flip 4 និង Galaxy Z Fold 4 ក៏ដូចជាឧបករណ៍ជំនាន់ចុងក្រោយផ្សេងទៀតរបស់ Samsung នឹងមានលក់នៅលើទីផ្សារចាប់ពីថ្ងៃទី២៦ ខែសីហា ខាងមុខនេះតទៅ ខណៈដែលវានឹងមានលក់តែនៅកន្លែងមួយចំនួនដូចជា សហរដ្ឋអាមេរិក ផ្នែកខ្លះនៃទ្វីបអឺរ៉ុប និងកូរ៉េខាងត្បូងប៉ុណ្ណោះ៕