(អាមេរិក)៖ ផលិតករអូស្ការ លោក Will Packer បានឆ្លើយតបនឹងការសុំទោស ជាសាធារណៈរបស់ Will Smith ចំពោះការទះកំផ្លៀង Chris Rock ក្នុងព្រឹត្តិការណ៍អូស្កាកាលពីដើមឆ្នាំ ២០២២នេះ។ នេះបើតាមការចេញផ្សាយ របស់សារព័ត៌មាន NME នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២។

ជាការកត់សម្គាល់ កាលពីខែមុន Smith បានបង្ហោះវីដេអូមួយ ដែលលោកបានសុំទោសដោយផ្ទាល់ទៅកាន់ Rock ដោយពិពណ៌នាអំពីអាកប្បកិរិយារបស់ខ្លួនថា «មិនអាចទទួលយកបាន»។ ជុំវិញអ្វីដែល Smith បាននិយាយក្នុងវីដេអូ, Packer ដែលជាផលិតករនៅពីក្រោយពានរង្វាន់អូស្ការឆ្នាំ២០២២ នាពេលថ្មីៗនេះ តាមរយៈចូលរួមកម្មវិធី Entertainment Tonight បានសរសើរ Smith សម្រាប់ការសុំទោសដោយនិយាយថា «ខ្ញុំចូលចិត្តការពិត ដែលថាគាត់មានតម្លាភាពចំពោះសកម្មភាពរបស់ខ្លួន។ គាត់និយាយជាសាធារណៈ និងស្មោះត្រង់ និងបើកចំហចំពោះវិប្បដិសារីរបស់គាត់»

គួរជម្រាបថា ក្នុងព្រឹត្តិការណ៍ទទួលពានរង្វាន់ដ៏ធំប្រចាំវិស័យហូលីវូដ «Oscars» លើកទី៩៤ ដែលធ្វើឡើងកាលពីថ្ងៃទី២៧ ខែមីនា កន្លងទៅនេះ តារាសម្តែងល្បីឈ្មោះរបស់អាមេរិក Will Smith បានឡើងទៅលើឆាក ទះកំផ្លៀងពិធីករ Chris Rock មួយដៃ បន្ទាប់ពី Rock និយាយលេងសើចពីប្រពន្ធរបស់ Will Smith ទាក់ទងនឹងក្បាលគ្មានសក់ ដែលលោកស្រីមានជំងឺជ្រុះសក់ ហើយស្ថិតក្នុងការព្យាបាលជាដំណាក់កាល ពោលគឺមិនមែនលេងស្ទីលឡើយ ខណៈការលេងសើចពីប្រពន្ធខ្លួន ធ្វើឲ្យ Will Smith ទទួលយកមិនបាន ទើបមិនអាចទប់កំហឹង រហូតឡើងទៅទះ Chris Rock មួយកំផ្លៀងលើឆាកតែម្តង៕