(ភ្នំពេញ)៖ ព្រឹត្តិការណ៍បាល់ទាត់លីគកំពូលកម្ពុជា Cambodian Premier League ឆ្នាំ២០២២ បានឈានចូលសប្តាហ៍ទី១៥ គឺក្រុមម្ចាស់ផ្ទះណាហ្គា នឹងត្រូវប៉ះជាមួយបឹងកេត នាថ្ងៃសៅរ៍ ទី១៣ ខែសីហាក្នុងទឹកដីនៃកីឡដ្ឋាន អ.អេស.អិន នាម៉ោង ១៥៖៤៥នាទីរសៀល។

គួរដឹងផងដែរថា ក្រុមណាហ្គាកាលពីសប្តាហ៍ទី១៤ បានលេងចាញ់ក្រុមអង្គរថាយហ្គឺរ នៅក្នុងលទ្ធផល ២-០នៅពេលឆ្លងកាត់១៤ប្រកួតមកនេះ ឈ្នះ៥ ស្មើ៣ និងចាញ់៦ ឈរនៅចំណាត់ថ្នាក់លេខ៤ មាន ១៨ពិន្ទុ។

ចំណែកឯបឹងកេតវិញ កាលពីសប្តាហ៍ទី១៤ ក៏បានយកឈ្នះក្រុមភ្ញៀវភ្នំពេញក្រោន នៅក្នុងលទ្ធផល ២-១ កាលពីថ្ងៃសៅរ៍ ទី០៦ ខែសីហា កន្លងមក។ បឹងកេតឆ្លងកាត់១៤ប្រកួតមកនេះដូចគ្នា ឈ្នះ៨ ស្មើ២ និងចាញ់៤ កំពុងឈរនៅចំណាត់ថ្នាក់លេខ២ មាន២៦ពិន្ទុ។

កាលពីជើងទី១ កន្លងទៅក្រុមទាំងពីរបានប៉ះគ្នា ដោយក្រុមម្ចាស់ផ្ទះបឹងកេត បានយកឈ្នះក្រុមភ្ញៀវណាហ្គា នៅក្នុងលទ្ធផល ៣-១ កាលពីថ្ងៃសៅរ៍ ទី០៥ ខែមីនា និងជើងទី២ ណាហ្គា បានយកឈ្នះ បឹងកេត វិញ ក្នុងលទ្ធផល ១-០ ។

ខាងក្រោមនេះជាកម្មវីធីប្រកួតរបស់ក្រុមទាំង៨នៃពានរង្វាន់ Cambodian Premier League ឆ្នាំ២០២២ រួមមាន៖

១៖ ណាហ្គា Vs បឹងកេត
២៖ អង្គរថាយហ្គឺរ Vs វិសាខា
៣៖ ព្រះខ័នរាជស្វាយរៀង Vs គិរីវង់សុខសែនជ័យ
៤៖ កងយោធពលខេមរភូមិន្ទ Vs ភ្នំពេញក្រោន៕