(បរទេស)៖ ថ្មីៗនេះរបាយការណ៍ពី IDC ទើបតែចេញផ្សាយឱ្យដឹងថា ការដាក់លក់ស្មាតហ្វូនសរុបក្នុងត្រីមាសទី២ នៃឆ្នាំ២០២២ នៅក្នុងប្រទេសឥណ្ឌាបានកើនឡើងខ្ទង់ ៣ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ ប៉ុន្តែបានធ្លាក់ចុះខ្ទង់ ៥ភាគរយវិញបើធៀបទៅនឹងត្រីមាសទី១ ឆ្នាំនេះ។ ដោយឡែកក្នុងនោះឃើញថា ក្រុមហ៊ុនផលិតស្មាតហ្វូនរបស់ប្រទេសចិន Xiaomi គឺជាជើងខ្លាំងដែលបានឈរនៅកំពូលតារាងក្នុងរយៈពេល ៣ខែមុននេះសម្រាប់ស្មាតហ្វូនដែលមានតម្លៃមធ្យមត្រឹម ២១៣ដុល្លារ។

នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២។

ទន្ទឹមនឹងនេះ IDC ក៏បានគូសបញ្ជាក់អំពីផលប៉ះពាល់ដ៏យូរអង្វែងនៃឧបសគ្គផ្គត់ផ្គង់ក្នុងឆ្នាំ២០២១ ផងដែរ ដែលបានធ្វើឱ្យទីផ្សារស្មាតហ្វូនធ្លាក់ចុះជាខ្លាំង ហើយវាក៏ជាផ្នែកមួយនៃហេតុផលរួមជាមួយនឹងការកើនឡើងអតិផរណានាពេលនោះ ដែលនាំឱ្យតម្រូវការធ្លាក់ចុះ។ ជាឧទាហរណ៍ តម្លៃលក់ស្មាតហ្វូនជាមធ្យមបានកើនឡើងជាលំដាប់ចាប់តាំងពីត្រីមាសទី៤ នៃឆ្នាំ២០២០ មកខណៈបច្ចុប្បន្ននេះស្មាតហ្វូនដែលមានតម្លៃមធ្យមឈរនៅតម្លៃខ្ទង់ ២១៣ដុល្លារក្នុងត្រីមាសទី២ កន្លងទៅនេះ ដែលវាបានបង្ហាញពីការកើនឡើងខ្ទង់ ១៥ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។

យ៉ាងណាមិញបើយោងតាមតារាងទីផ្សារក្រុមហ៊ុនផលិតស្មាតហ្វូនកំពូលទាំង ៥ ក្នុងនោះឃើញថា Xiaomi នៅតែជាជើងខ្លាំងនាំមុខគេជាមួយនឹងចំណែកទីផ្សារ ២០.៤ភាគរយ បើទោះបីជាចំនួនដាក់លក់របស់ក្រុមហ៊ុននេះធ្លាក់ចុះពី ២៨.២ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនក៏ដោយ។ ចំណែកឯក្រុមហ៊ុន Realme និង Vivo វិញឈរនៅលេខរៀងទី២ និងទី ៣ជាមួយនឹងចំណែកទីផ្សារ ១៧.៥ភាគរយ និង ១៦.៩ភាគរយរៀងគ្នា។ ដោយឡែកសមា្រប់ក្រុមហ៊ុន Samsung វិញនៅតែដដែលជាមួយនឹងចំណែកទីផ្សារ ១៦.៣ភាគរយ ដែលបណ្តាលឱ្យភាគហ៊ុនរបស់ក្រុមហ៊ុនធា្លក់ចុះដល់លំដាប់ទី៤ ទាក់ទងនឹងបរិមាណសរុប។

គួរជម្រាបដែរថា សម្រាប់ទីផ្សារស្មាតហ្វូនដែលមានតម្លៃលើសពី ៥០០ដុល្លារវិញកំពុងតែកើនឡើងជាខ្លាំងជាមួយនឹងកំណើនខ្ទង់ ៨៣ភាគរយជាមួយនឹងការដាក់លក់ពីមួយឆ្នាំទៅមួយឆ្នាំ ដែលរួមចំណែកដល់ ៦ភាគរយនៃទីផ្សារទាំងមូល៕