(ភ្នំពេញ)៖ ស្ថានតំណាងពាណិជ្ជកម្ម នៅរាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹងដល់ពាណិជ្ជករខ្មែរ ឲ្យដឹងថា អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្មអន្តរជាតិ នៃក្រសួងពាណិជ្ជកម្មថៃ នឹងរៀបចំពិព័រណ៍គ្រឿងអលង្ការ និងត្បូងពេជ្រមានតម្លៃ ឆ្នាំ២០២២ លើកទី ៦៧ (67th Bangkok Gems & Jewelry Fair 2022) ចាប់ពីថ្ងៃទី ៧ - ១១ ខែ កញ្ញា ឆ្នាំ ២០២២ នៅមជ្ឈមណ្ឌលពិព័រណ៍ IMPACT នាទីក្រុងបាងកក ប្រទេសថៃ។

នៅក្នុងពិព័រណ៍នេះ នឹងមានការដាក់បង្ហាញទំនិញគ្រឿងអលង្ការ ត្បូងពេជ្រមានតម្លៃ និងឧបករណ៍សម្ភារៈ សំរាប់ផលិតគ្រឿងអលង្ការជាច្រើនប្រភេទ ដែលផលិតនៅប្រទេសថៃ និងនៅបរទេស។

សេចក្តីជូនដំណឹងបន្ថែមថា «ក្នុងឱកាសនេះ ស្ថានតំណាងពាណិជ្ជកម្មថៃ សូមគោរពអញ្ជើញ លោក លោកស្រី ដែលមានចំណាប់អារម្មណ៍ ទៅទស្សនាពិព័រណ៍ «គ្រឿងអលង្ការ និងត្បូងពេជ្រមានតម្លៃ ឆ្នាំ ២០២២ លើកទី ៦៧» ចាប់ពីថ្ងៃទី៦-៩ ខែកញ្ញា ឆ្នាំ២០២២ ដោយយើងខ្ញុំនឹងផ្ដល់កន្លែងស្នាក់នៅចំនួន៣យប់ ជូនដល់ក្រុមហ៊ុនដែលមានគុណសម្បត្តិគ្រប់គ្រាន់ តាមការកំណត់របស់យើងខ្ញុំ»

ចំណែកព័ត៌មានបន្ថែម និងការចុះឈ្មោះទៅទស្សនាពិព័រណ៍ សូមទាក់ទងស្ថានតំណាងពាណិជ្ជកម្មថៃ នៅរាជធានីភ្នំពេញ តាមរយៈទូរស័ព្ទលេខ ០១១ ៩២៨ ៥២៣ និង E-mail : [email protected]