(បរទេស)៖ ក្រុមហ៊ុនផលិតស្មាតហ្វូនរបស់ចិន Oppo បានឈានជើងចូលទីផ្សារស្មាតហ្វូនអេក្រង់បត់ តាមរយៈស្មាតហ្វូនដំបូងរបស់ខ្លួន ដែលមានឈ្មោះថា Oppo Find N។ ស្មាតហ្វូនមួយនេះ មិនបានវាយលុកទីផ្សារខ្លាំងនោះទេ ដោយសារតែវាត្រូវបានផលិតឡើងតែសម្រាប់ទីផ្សារប្រទេសចិនមួយប៉ុណ្ណោះ។

ដោយឡែកនៅពេលនេះ យោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSM Arena នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២២ បានឲ្យដឹងថា Oppo បាននិងកំពុងត្រៀមស្មាតហ្វូនអេក្រង់បត់ថ្មីចំនួនពីរម៉ូដែល ដើម្បីវាយលុកទីផ្សារសកល។

បើយោងតាមប្រភពច្បាស់ការណ៍មួយបានឲ្យដឹងថា ស្មាតហ្វូនអេក្រង់បត់ថ្មីទាំងពីររបស់ Oppo លើនេះទំនងជាមានឈ្មោះថា Find N Fold និង Find N Flip ហើយគ្រោងនឹងប្រកាសបង្ហាញនៅក្នុងពេលឆាប់ៗខាងមុខនេះ ដែលមានទីផ្សារសកលជាគោលដៅធំ។

បើសិនជាមិនមានការទម្លាយឈ្មោះរបស់ស្មាតហ្វូនទាំងពីរនេះទេ យើងប្រហែលជាមិនគិតអ្វីច្រើនឡើយ ប៉ុន្តែបើយើងពិនិត្យទៅលើឈ្មោះរបស់វា នោះយើងអាចសន្និដ្ឋានបានភ្លាមថា Oppo ចេញមកម្ដងនេះ គឺមកជាមួយនឹងគោលដៅច្បាស់លាស់ ទាំងទីផ្សារ និងគួប្រកួតប្រជែង ហើយអ្នកដែល Oppo ចង់ប្រជែងជាមួយខ្លាំងបំផុតនោះគ្មាននរណាក្រៅពី Samsung ឡើយ។

ចំពោះលក្ខណៈសម្បត្តិរបស់ស្មាតហ្វូនទាំងពីរនេះ គេនៅមិនទាន់ដឹងច្បាស់ទេ ប៉ុន្តែប្រភពជាក់លាក់មួយបានបង្ហើបឲ្យដឹងថា វាប្រើប្រាស់ឈីប CPU ប្រភេទ Snapdragon 8+ Gen 1 ជំនាន់ចុងក្រោយបំផុតរបស់ Qualcomm ដែលដូចគ្នាទៅនឹង Galaxy Z Fold 4 និង Z Flip 4 របស់ Samsung ដែលទើបប្រកាសបង្ហាញក្ដៅៗកាលពីថ្ងៃទី១០ ខែសីហាកន្លងទៅនេះ៕