(បរទេស)៖ ពេលវេលាប្រកាសបង្ហាញស្មាតហ្វូនជំនាន់ក្រោយ iPhone 14 កាន់តែខិតជិត ខណៈថ្មីៗនេះទទួលបានដំណឹងបន្ថែមថា ក្រុមហ៊ុន Apple កំពុងតែបង្កើនល្បឿនក្នុងការផលិត ដោយបញ្ជាឱ្យអ្នកផ្គត់ផ្គង់ធ្វើយ៉ាងណាផលិតឱ្យបានដល់គោលដៅ ៩០លានគ្រឿង សម្រាប់ iPhone ជំនាន់ថ្មី ដែលជាគោលដៅដូចគ្នាទៅនិង iPhone 13។ បើទោះបីជាបច្ចុប្បន្ននេះកំពុងជួបបញ្ហាសេដ្ឋកិច្ចធ្លាក់ចុះក៏ដោយ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២២។

ប្រភពពីទីភ្នាក់ងារព័ត៌មាន Bloomberg បានបង្ហាញជាមួយនិងរបាយការណ៍ថ្មីៗនេះថា ក្រុមហ៊ុន Apple ត្រូវបានគេរំពឹងថា នឹងផលិតឧបករណ៍ថ្មីៗរហូតដល់ទៅ ២២០លានគ្រឿងឯណោះរហូតដល់ដំណាច់ឆ្នាំ ២០២២ ដែលជាចំនួនដូចគ្នាបើធៀបនិងឆ្នាំមុន។ ខណៈការរំពឹងទុកទាំងនេះត្រូវបានអ្នកវិភាគអះអាងថា ការធ្លាក់ចុះនៃស្មាតហ្វូនលំដាប់ខ្ពស់ Huawei និង បញ្ហាមួយចំនួនដែលកំពុងជួបនៅលើឧបករណ៍ Android កំពុងតែនាំមកនូវតម្រូវការកាន់តែខ្លាំងសម្រាប់ត្រកូលថ្មីរបស់ក្រុមហ៊ុន Apple។

យ៉ាងណាមិញបើយោងតាមប្រភពដដែលបានបញ្ជាក់ប្រាប់ថា គេរំពឹងថា iPhone 14 របស់ Apple សរុបទាំង ៤ម៉ូដែល នឹងត្រូវបានប្រកាសខែក្រោយនេះ ហើយទំនងជានឹងឃើញការអាប់ដេតកាមេរ៉ាថ្មី, ការឌីហ្សាញស្នាមរន្ធសម្រាប់កាមេរ៉ា Selfie, Face ID រួមទាំងសង្ឃឹមថានិងមកជាមួយនិងបន្ទះឈីប A16 Bionic ថ្មីផងដែរ៕